នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ដែលមានឯកឧត្តម ហ៊ុន ម៉ាណែត និងជំទាវ ពេជ ចន្ទមុន្នី ជាប្រធាន អនុប្រធាន បានចាត់ឱ្យក្រុមគ្រូពេទ្យចុះព្យាបាលជម្ងឺទូទៅ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃសរុបចំនួន ៧៣២៧នាក់ ស្មើនិង ១២៥០៨ ករណី ស្ថិតក្នុងបរិវេណអនុវិទ្យាល័យតាអុង ភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកចំការលើ និង ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកចំការលើ យុវជន ស.ស.យ.ក យុវជនកាយារឹទ្ឋ និស្សិតសមាគមអាហារូបករណ៍ អ.ម.ត និងផ្នែកដែលពាក់ព័ន្ធជាច្រើនទៀត។
ថ្លែងបើកកម្មវិធីលោកវេជ្ជបណ្ឌិត ចាន់ សំភ័ស្ស អនុប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ តំណាងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី បានមានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ តែងតែគិតគូរសុខទុក្ខ ចំពោះសុខភាពនិងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង។ដោយរយៈពេលជាង១០ឆ្នាំនេះTYDAបានពិនិត្យព្យាបាលជូនប្រជាពលរដ្ឋសរុបចំនួន ៣៧,៩២៨៧នាក់ បញ្ជូនអ្នកជម្ងឺទៅកាន់មន្ទីរពេទ្យចំនួន ៦៩២០នាក់ និងវះកាត់អ្នកជម្ងឺបេះដូងចំនួន៦១នាក់។
លោកវេជ្ជបណ្ឌិតបន្តថាគោលបំណងសំខាន់ គឺចូលរួមចំណែកជាមួយស្ថាប័នជាតិ ជាពិសេសក្រសួងសុខាភិបាល ដើម្បីផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។ ជាពិសេសរួមចំណែកកាត់បន្ថយភាពក្រីក្រ តាមរយៈសកម្មភាពផ្តល់សេវាសុខភាព ជូនប្រជាពលរដ្ឋក្រីក្រដល់ទីកន្លែង តាមទីជនបទដាច់ស្រយាលនានា។ ក្នុងនោះក៏រួមចំណែកបណ្តុះបណ្តលធនធានមនុស្ស ក្នុងវិស័យសុខាភិបាល ក៏ដូចជាផ្តល់ឱកាសដល់និស្សិត យុវជនស្ម័គ្រចិត្ត បានបំរើការងារមនុស្សធម៌ដល់សង្គមផងដែរ។
ទន្ទឹមនឹងនោះដែរ ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារចុះជួយស្រុកចំការលើ បានកោតសសើរក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA បានចុះបំពេញបេសកកម្មរបស់ខ្លួនគ្រប់ទីកន្លែង ជួយដល់ប្រជាជនទីទ័លក្រ ឱ្យទទួលបានសេវាពិនិត្យ ព្យាបាលដោយឥតគិតថ្លៃ និងកសាងស្នាដៃជាច្រើនក្នុងសកម្មភាពការងារសង្គម ជាពិសេសចូលរួមចំណែកយ៉ាងធំធេង ក្នុងនាមជាកងទ័ពអាវស ចូលរួមទប់ស្កាត់ និងព្យាបាលអ្នកជំងឺកូវីដ ១៩ ជាមួយរាជរដ្ឋាភិបាល នេះបានបង្ហាញពីកិច្ចការងារមនុស្សធម៌ និងវប្បធម៌ចែករំលែក តាមរយៈការផ្តល់សេវាសុខភាពជូនប្រជាជនតាមបណ្តារាជធានី-ខេត្ត។
ប្រជាពលរដ្ឋដែលបានទទួលសេវាព្យាបាលនាឱកាសនេះ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត រកអ្វីផ្ទឹមពុំបាន ដោយមានក្រុមគ្រូពេទ្យរបស់សម្តេចតេជោ ចុះមកព្យាបាលដល់ភូមិ ឃុំ ស្រុក របស់ពួកគាត់ស្ទើរតែដល់ក្នុងផ្ទះ ស្របពេលដែលពួកគាត់ កំពុងតែមាញឹកនិងការងារ និងខ្សត់ខ្សោយនូវថវិកាព្យាបាលជម្ងឺទៀតផង នេះជាការលើកឡើងរបស់ពួកគាត់។
សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តនៃសមាគម (TYDA) ដែលចុះព្យាបាលជម្ងឺទូទៅប្រជាពលរដ្ឋដោយគិតថ្លៃនៅក្នុងស្រុកខាងលើនាឱកាសនេះមានសរុបចំនួន ៧៣២៧នាក់ ស្មើនិង ១២៥០៨ ករណី ក្នុងនោះមានករណីឈឺធ្ងន់ធ្ងរចំនួន១០៥ នាក់ ត្រូវបញ្ជូនមកព្យាបាលនៅរាជធានីភ្នំពេញបន្ត ក្រោមការចំណាយ និងឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយផ្ទាល់៕