ភ្នំពេញ ៖ នៅក្នុងលិខិតរបស់លោក សៅ សុវណ្ណ មេភូមិពាមស្ដី គោរពរាយការណ៍ជូនសម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូចខាងក្រោម៖
សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ខ្ញុំបាទឈ្មោះ សៅ សុវណ្ណ ភេទប្រុស អាយុ៧១ឆ្នាំ មានតួនាទីជាមេភូមិពាមស្ដី និងមានមុខងារក្នុងបក្ស ជាប្រធានសាខាបក្សភូមិពាមស្ពឺ ឃុំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្តាល។ លេខទូរស័ព្ទ 011 906895 ខ្ញុំបាទធ្វើជាមេភូមិ អស់រយៈពេល៤០ឆ្នាំមកហើយ ហើយដោយក្តីព្រួយបារម្ភ ពីការបាត់បង់សម្លេងឆ្នោត ព្រោះតែការប្រព្រឹត្តរបស់លោក ធូ សម្បត្តិ កំពុងធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានអស់ជំនឿជឿជាក់។
ខ្ញុំបាទឈ្មោះ សៅ សុវណ្ណ សូមគោរពរាយការណ៍ឲ្យបានជ្រាបថា ឃុំព្រែកប្ញស្សី មានចំនួន៥ភូមិ ស្ថិតក្នុង ស្រុកល្វាឯម ខេត្តកណ្តាល។ ក្រុមប្រឹក្សា មានចំនួន៧អាសនៈ ប៉ុន្តែត្រូវបាត់បង់អស់ចំនួន២អាសនៈ (អស់សមាជិកគាំទ្រចំនួន ១២៧៥នាក់) ក៏ព្រោះតែប្រជាពលរដ្ឋអស់ជំនឿ ដោយសារតែលោក ធូ សម្បត្តិ ជាមេឃុំ បានប្រព្រឹត្តរឿងមិនគប្បីជាច្រើន។
ជាមួយគ្នានេះផងដែរ ខ្ញុំបាទ សៅ សុវណ្ណ សូមរៀបរាប់ពីដំណើររឿងមួយចំនួន របស់លោក ធូ សម្បត្តិ មានដូចជា៖ ការប្រព្រឹត្តិអំពើពុករលួយ ឃុបឃិតគ្នា ចុះហត្ថលេខាលក់ដីជាតិ (ដីរដ្ឋ) គឺលក់ដី បាតព្រែក និងដីបាតទន្លេតូច ជាច្រើនហិកតា ដែលមានប្រវែងជាមួយគីឡូម៉ែត្រឲ្យទៅឈ្មួញ។
*ចំណុចមួយទៀត គឺការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ក៏មានការយឺតយ៉ាវ និងមិនបានទូលំទូលាយ ដូចជា ការបញ្ជាក់លើលិខិតអាពាហ៍ពិពាហ៍ ពី២ ទៅ៣ជើង ទើបលោក ធូ សម្បត្តិ ដែលជាមេឃុំ ព្រែកឬស្សី ចុះហត្ថលេខាឲ្យ ហើយចំពោះការធ្វើលិខិតបញ្ជាក់កំណើត ជូនប្រជាពលរដ្ឋវិញ គឺមានការតឹងតែង និងលំបាកខ្លាំង។
លោក ធូ សម្បត្តិ តែងតែប្រើសិទ្ធិអំណាចជាមេឃុំ ធ្វើអ្វីស្រេចតែអំពើចិត្តខ្លួនឯង មិនមានការ ពិភាក្សាជាមួយក្រុមប្រឹក្សាឃុំនោះទេ ច្រើតែអត្តនោម័តិតែម្នាក់ឯង ធ្វើឲ្យផ្ទៃក្នុងបក្សរង្គោះរង្គើរ។
អត្តចរិត លោក ឆូ សម្បត្តិ ឆេវឆាវ ច្រើតែជឿតាមការញុះញង់ របស់សកម្មជនបក្សប្រឆាំង ហើយមកនិយាយគៀបសង្កត់ និងវ៉ៃប្រហារគ្នាឯង ដែលជាមន្ត្រីភូមិ ក្រុមប្រឹក្សាឃុំ នៅចំពោះមុខសមាសភាពបក្សប្រឆាំង ដោយបច្ចុប្បន្ន ធ្វើឲ្យផ្ទៃក្នុងល្អក់កករ និងធ្វើឲ្យសមាជិកបក្សអសកម្ម។
ម៉្យាងទៀតលោកមេឃុំរូបនេះ បានផ្ដល់ដីសម្បទានរបស់ភូមិ ទុកសម្រាប់ចែកជូនសមាជិកបក្សក្រីក្រ គ្រាន់បានសង់លំនៅដ្ឋាន ឲ្យទៅសកម្មជនបក្សប្រឆាំង ធ្វើផ្ទះតាមចិត្ត។ មិនដឹងថា លោកមេឃុំរូបនេះ ទទួលលុយបានប៉ុន្មានទេ បានជាហ៊ានធ្វើបែបនេះ ដែលទង្វើរនេះ ធ្វើឲ្យបាត់បង់សន្លឹកឆ្នោត និងការគាំទ្រថែមទៀតផង។
គ្រប់ករណីដែលលោក ធូ សម្បត្តិ មេឃុំព្រែកឬស្សី បានប្រព្រឹត្តខាងលើនេះ ធ្វើឲ្យខ្ញុំ ព្រមទាំងប្រជាពលរដ្ឋមានក្តីបារម្ភយ៉ាងខ្លាំង អាចថាការបោះឆ្នោតថ្នាក់ជាតិខាងមុខ ធ្វើឲ្យបាត់បង់សន្លឹកឆ្នោត យ៉ាងច្រើនថែមទៀត បន្ទាប់ពីការបោះឆ្នោតឃុំ-សង្កាត់ ព្រោះតែលោកមេឃុំរូបនេះ ធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានអស់ជំនឿ ហើយលោកមេឃុំរូបនេះ តែងតែធ្វើឲ្យប្រជាពលរដ្ឋថ្នាំងថ្នាក់ ស្អប់ អាចស្អប់ដល់បក្សកាន់តែច្រើន។
សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន ជាទីគោរព ដោយខ្ញុំបាទមានការព្រួយបារម្មណ៍ ខ្លាចចាញ់បក្សប្រឆាំង ទើបខ្ញុំបាទប្រថុយបោះសន្ទូចរំលងថ្នាក់ស្រុក-ខេត្ត គោរពរាយការណ៍ជូនសម្ដច។ សូមសម្តេចតេជោ មេត្តាជ្រាប និងជួយមានវិធានការ លើសភាពការនេះផង៕