១. សូមចូលរួមអបអរសាទរចំពោះគម្រោងមានជ័យ រ៉េស៊ីដិនស៍ ដែលសមិទ្ធផលនេះបានកើតចេញពីសមត្ថភាព, ការប្រឹងប្រែង និងការយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងបុគ្គលិក-និយោជិតទាំងអស់របស់ក្រុមហ៊ុន ស្របពេលដែលកម្ពុជាកំពុងបោះជំហានងើបចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ប្រកបដោយភាពស្វាហាប់ និងថាមពល។ ការបើកដំណើរការប្រទេសឡើងវិញនៅក្រោយការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់នូវយុទ្ធនាការជាតិចាក់វ៉ាក់សាំង បានអនុញ្ញាតឱ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចឡើងវិញ ដែលតាមរយៈការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គឺក្នុងរង្វង់ប្រមាណ ៥,២ ភាគរយ នៅក្នុងឆ្នាំ២០២២ និងប្រមាណ ៥,៦ ភាគរយនៅឆ្នាំ២០២៣។ តួលេខនេះ គឺស្ថិតលើគន្លងឆ្ពោះទៅកាន់កំណើនកាលពីមុនវិបត្តិនៃជំងឺកូវីដ-១៩។
២. តាមរយៈការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា បានបង្ហាញថា វិស័យអចលនទ្រព្យនឹងនៅតែបន្តដើរតួយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ដូចរយៈពេលកន្លងមកផងដែរ។ ដូច្នេះ ការបន្តរីកចម្រើនលូតលាត់នៃវិស័យអចលនទ្រព្យ គឺជាគោលដៅដ៏សំខាន់មួយដែលមានកំណត់នៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី។
៣. ខណៈដែលសេដ្ឋកិច្ចរបស់កម្ពុជាកំពុងងើបឡើងវិញប្រកបដោយក្តីសង្ឃឹម, ការរីកចម្រើននៃវិស័យអចលនទ្រព្យ ក៏បានឆ្លុះបញ្ចាំងអំពីការរីកចម្រើននៃកម្រិតជីវភាពរបស់ប្រជាជនកម្ពុជា ជាពិសេសការកើនឡើងនៃចំនួនប្រជាជនដែលមានចំណូលមធ្យម រួមជាមួយនឹងការកើនទ្បើងនូវតម្រូវការលំនៅដ្ឋាន ដែលមានផាសុកភាព និងមានសុខដុមភាពទៅនឹងបរិស្ថាននៃការរស់នៅ ជាអាទិ៍៖ ការបង្កើតឱ្យមានទីធ្លា និងសួនសាធារណៈ, ការរក្សាលំហរបៃតង, ការផ្តល់សេវាគ្រប់គ្រងសំណល់, ការគិតគូរទៅលើលំហូរចរាចរណ៍, ការគិតគូរទៅលើផាសុកភាពរស់នៅរបស់កុមារ និងមនុស្សចាស់, ព្រមទាំងការឆ្លើយតបទៅនឹងតម្រូវការចាំបាច់ប្រចាំថ្ងៃជាក់ស្តែង ដូចជា៖ មន្ទីរពេទ្យ, សាលារៀន និងសួនសាធារណៈសម្រាប់សម្រាក និងសម្រួលផ្លូវចិត្ត-អារម្មណ៍ ជាដើម។