ក្រុមទម្លាក់យោងធ្វើសកម្មភាពមិនបានសម្រេច ជនរងគ្រោះដឹងខ្លួនទាន់ រត់ចោលម៉ូតូមួយគ្រឿង

43

(ភ្នំពេញ)៖ កម្មការីរោងចក្រម្នាក់ ស្លុងចិត្តធ្លាក់ចូលក្នុងការលួងលោមរបស់ក្រុមជនសង្ស័យទម្លាក់យោង ឌុបនាំទៅរកកន្លែងស្ងាត់ ដើម្បីដោះយកគ្រឿងអលង្កា តែមិនបានសម្រេច ជនរងគ្រោះដឹងខ្លួនទាន់ ស្រែកឲ្យគេឯងជួយ ផ្អើលអ្នកដំណើរតាមផ្លូវ ធ្វើឲ្យក្រុមជនសង្ស័យ ភ័យរត់ចោលម៉ូតូហុងដាឌ្រីមមួយគ្រឿង បានសមត្ថកិច្ចយកទៅរក្សាទុក ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅផ្លូវបេតុង មាត់ប្រឡាយ ស្ថិតនៅក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែង បានឲ្យដឹងថា នារីរងគ្រោះជាកម្មការនីរោងចក្រ ហើយមុនកើតហេតុ គ្រាដែលទើបបើកប្រាក់ខែថ្មីៗ ដើរចេញពីរោងចក្រ ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានក្រុមជនសង្ស័យ ប្រើល្បិចធ្វើជាជ្រុះថង់មាស រួចចាប់ផ្តើមលួងនាំនារីរងគ្រោះ ទៅរកកន្លែងណាស្ងាត់ ដើម្បីចែកគ្នា ល្បួងបានសម្រេច ឌុបតាមម៉ូតូ ហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០១៤ ចេញទៅដល់ផ្លីវបេតុងមាត់ប្រឡាយ ក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ស្រាប់តែនារីរងគ្រោញ ភ្ញាក់ ដឹងខ្លួន ចាញ់បោកបញ្ឆោតគេហើយ ក៏ស្រែកឲ្យគេឯកជួយ ផ្អើលអ្នកដំណើរតាមផ្លូវ លុះឃើញសភាពមិនស្រួល ជនសង្ស័យប្រុសស្រី២នាក់ ជិះម៉ូតូមួយគ្រឿងចាកចេញគេចទៅបាត់ នៅសល់ជនសង្ស័យប្រុស២នាក់ រត់ចោលម៉ូតូ ហុងដាឌ្រីមមួយគ្រឿង ។

ក្រុមជនសង្ស័យទម្លាក់យោង ក្រោយពីផែនការសកម្មភាពរលាយ បរាជ័យហើយ អស់ម៉ូតូមួយគ្រឿងទៀត សមត្ថកិច្ចចុះទៅ យកម៉ូតូទៅរក្សាទុក ដើម្បីស្រាវជ្រាវស្វែងរកម្ចាស់ និងនាំនារីរងគ្រោះ ទៅសាកសួរនៅប៉ុស្តិ៍នគរបាល ៕