ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ឲ្យវិទ្យុ VOD បង្ហាញឯកសារបញ្ជាក់ថាឯកឧត្ដមចុះហត្ថលេខាជំនួសសម្តេចតេជោ ក្នុងការផ្តល់ជំនួយថវិកាទៅប្រទេសតួគី

40

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានស្នើឲ្យវិទ្យុ VOD បង្ហាញឯកសារបញ្ជាក់ ដែលថាឯកឧត្ដមចុះហត្ថលេខាជំនួសសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្តល់ជំនួយថវិកាទៅកាន់ប្រទេសតួគី។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានឲ្យដឹងយ៉ាងដូច្នេះថា “ ពិតជាមានរឿងប្លែកៗមែន… បើអ្នកនិយាយតាម facebook តាមអារម្មណ៍មិនមានអាជីពពិតប្រាកដខ្ញុំមិនថាទេ ប៉ុន្តែសម្រាប់សារពត៌មានអាជីពដែលជ្រកក្រោមស្ថាប័នសារពត៌មានច្បាស់លាស់ ខ្ញុំត្រូវការការបំភ្លឺមួយដែលមានភាពប្រាកដប្រជានិងការទទួលខុសត្រូវ។

ឯកឧត្តមបន្តថា “ខ្ញុំសុំអោយវិទ្យុ VOD បង្ហាញឯកសារដែលបញ្ជាក់ថាខ្ញុំបានចុះហត្ថលេខាជំនួសសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្តល់ជំនួយថវិកាទៅអោយប្រទេសតួគីដែលកំពុងរងគ្រោះរញ្ជួយដីផង ព្រោះខ្ញុំមិនបានដឹងរឿងនេះ ហើយខ្ញុំក៍មិនមានសិទ្ធិក្នុងការចុះហត្ថលេខាលើឯកសាររបស់រាជរដ្ឋាភិបាលដែរ។

ឯកឧត្តម បន្ថែមថាឯកឧត្តម បានស្រាវជ្រាវរកឯកសារដែលពាក់ព័ន្ធ ប៉ុន្តែឃើញមានសេចក្តីប្រកាសពត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិតែមួយគត់ ដែលមិនមានហត្ថលេខាអ្នកណាទាំងអស់។

ឯកឧត្តម ហ៊ុន ម៉ាណែត បញ្ជាក់ទៀតថា បើ VOD មិនមានឯកសារ ហើយចុះផ្សាយពត៌មានមិនត្រឹមត្រូវ សូមធ្វើការសុំទោស ព្រមទាំងធ្វើការកែសម្រួលពត៌មាននិងផ្សព្វផ្សាយជាសាធារណៈជាបន្ទាន់ ដើម្បីកុំអោយសាធារណៈមតិមានការយល់ច្រឡំក្នុងរឿងនេះ។ ខ្ញុំមិនចង់បានអ្វីក្រៅតែពីការពារភាពត្រឹមត្រូវនិងច្បាស់លាស់ទេ៕