ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន៦គ្រួសារ
ដូចមានរាយនាមខាងក្រោម និងតំណាងឱ្យប្រជាជនចំនួន២៧នាក់រួមមាន៖ ឈ្មោះ ស៊ីវ សុខគីម, ឈ្មោះ លឹម កៃ , ឈ្មោះ ហេង នាថមុនី, ឈ្មោះ ឯម ទូច , ឈ្មោះ ហូង ប៊ុនធា និងឈ្មោះ តាន់ ទីគា ដែលបច្ចុប្បន្នរស់នៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុបាននាំគ្នាដាក់លិខិតស្នើសុំអន្តរាគមន៍ពី
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាឲ្យជួយអន្តរាគមន៍ក្នុងសំណុំរឿងសាលដីកាលេខ ៥១ “ឆ” ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ របស់តុលាការកំពូល ដែលមានលិខិតជូនដំណឹងលេខ ៤៤០៣/លជណ/២២ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ស្តីពីការអនុវត្តដោយស្ម័គ្រចិត្ត របស់សាលាដំបូងខេត្តព្រះសីហនុ។ នេះបើយោងតាមលិខិតស្នើសុំអន្តរាគមន៍ដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
នៅក្នុងលិខិតស្នើសុំអន្តរាគមន៍បានឲ្យដឹងថា ប្រជាពលរដ្ឋចំនួន៦គ្រួសារបានសូមគោរពជម្រាបជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាពីប្រវត្តិនៃការរស់នៅលើដីទំហំ៦៦៧ ម៉ែត្រក្រឡា ក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុដូចតទៅ៖
យើងខ្ញុំចំនួន៦គ្រួសារ និងតំណាងឱ្យប្រជាជនចំនួន២៧នាក់ ដែលជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ គឺឈ្មោះ ឆឹង គឹមអេង (អតីតបុគ្គលិកក្រសួងពាណិជ្ជកម្ម) ព្រមទាំងប្រពន្ធឈ្មោះ លឹម គឹមលី (អតីតបុគ្គលិកក្រសួងពាណិជ្ជកម្ម) មានកូនចំនួន ៤នាក់គឺ ឈ្មោះ ឆឹង សុលីន ឈ្មោះ ឆឹង គីមអាយ ឈ្មោះ ឆឹង គីមណូ និងឈ្មោះ ឆឹង វាសនា និងមានក្មួយបង្កើតចំនួន២នាក់គឺ ឈ្មោះ លឹម កៃ និងឈ្មោះ តាន់ ទីគា បានមករស់នៅ កាន់កាប់ និងអាស្រ័យលើដីទំហំ ៦៦៧ ម៉ែត្រក្រឡា ស្ថិតនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ តាំងពីឆ្នាំ១៩៧៩ រហូតដល់បច្ចុប្បន្ន ដោយបានកសាងផ្ទះប្រក់ស្បូវជាលំនៅដ្ឋានសម្រាប់គ្រួសារ មានរបងព័ទ្ធលួសបន្លា និងបានដាំដុះដំណាំផ្សេងៗ ជាពិសេសគឺដំណាំម្រេច ដើម្បីអាស្រ័យផលក្នុងរបរចិញ្ចឹមជីវភាព ទន្ទឹងនេះក៏បានផ្តួចផ្តើមគំនិត កាប់ឆ្ការព្រៃបង្កើតជាកសិដ្ឋានចំការម្រេចលក្ខណៈគ្រួសារផ្ទាល់ៗខ្លួននៅភូមិសារ៉ាយ និងភូមិតានៃ ក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាក់ស្តែងនៅពេលនោះ តំបន់នេះ មានសភាពស្ងាត់ជ្រងំ គ្មានទឹក គ្មានភ្លើងអគ្គិសនី និងមានក្រុមខ្មែរក្រហមលាក់ខ្លួនផងដែរ។ បន្ទាប់មកលោក ឆឹង គឹមអេង និងលោកស្រី លឹម គីមលី និងយើងខ្ញុំក៏បានជីកអណ្តូងទឹកចំនួន២ ដើម្បីយកទឹកមកប្រើប្រាស់ប្រចាំថ្ងៃ និងបានធ្វើរបងឈើព័ទ្ធលួសបន្លាជុំវិញអណ្តូងនេះ។
ក្នុងលិខិតបានបន្តថា នៅឆ្នាំ១៩៨០ សមមិត្ត តាំង សារឹម (អតីតរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម) និងសមមិត្ត ថុង ចន (អតីតអនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម) បានជួបជាមួយគ្រួសារលោក ឆឹង គីមអេង ព្រមទាំងប្រពន្ធឈ្មោះ លឹម គឹមលី នៅក្រសួងពាណិជ្ជកម្មក្នុងទីក្រុងភ្នំពេញ គឺស្នើសុំឱ្យគ្រួសារលោក និងប្រពន្ធ ដែលមានកសិដ្ឋានចំការម្រេចស្រាប់ជួយសហការជាមួយនឹងរដ្ឋ ដើម្បីជួយជំរុញសេដ្ឋកិច្ចលើវិស័យកសិកម្មម្រេចនេះ ដែលទើបនឹងងើបចេញពីសង្រ្គាមប៉ុលពត ហើយពេលនោះ លោក និងប្រពន្ធក៏បានយល់ព្រមតាមការស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ ទន្ទឹងនេះ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មក៏បានសម្រេចផ្ទេរតួនាទីភារកិច្ចរបស់លោក និងប្រពន្ធឈ្មោះ លឹម គឹមលី និងដីកសិដ្ឋានចំការម្រេចរបស់លោក និងប្រពន្ធដែលជាលក្ខណៈដាំដុះគ្រួសារ នៅភូមិសារ៉ាយ និងភូមិតានៃ ក្នុងឃុំជើងគោពីដីចំការម្រេចគ្រួសារផ្ទាល់ ទៅជានាយកដ្ឋានក្សេត្រសាស្រ្ត និងកែលំអដីកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ក្រោយមក សមមិត្ត ឈា សុង (អតីតប្រធាននាយកដ្ឋានក្សេត្រសាស្រ្ត និងកែលំអដីកសិកម្ម) និងសមមិត្ត អ៊ិត ណូឌី (អតីតអនុប្រធាននាយកដ្ឋានក្សេត្រសាស្រ្ត និងកែលំអដីកសិកម្ម) បានចុះមកជួបលោក និងប្រពន្ធ ដើម្បីធ្វើពិធីប្រគល់ទទួលដីកសិដ្ឋានចំការម្រេចនៅភូមិសារ៉ាយ និងភូមិតានៃ ក្នុងឃុំជើងគោ ក្នុងគោលបំណងចូលរួមសហការជាមួយនាយកដ្ឋានក្សេត្រសាស្រ្ត និងកែលំអដីកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ពេលនោះ នាយកដ្ឋានក្សេត្រសាស្រ្ត និងកែលំអដីកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានតែងតាំងលោកជាប្រធានកសិដ្ឋានចំការម្រេច និងប្រពន្ធ ជាប្រធានផ្នែកនារីនិងសហជីព នៅកសិដ្ឋានចំការម្រេចភូមិសារ៉ាយ និងភូមិតានៃ ក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយអនុញ្ញាតឱ្យជ្រើសរើសកម្មករចូលបម្រើការងារចំនួន ៣៥០នាក់ ហើយឈ្មោះ លឹម កៃ និងឈ្មោះ ស៊ីវ សុខគីម ក៏ជាកម្មករបម្រើការងារនៅកសិដ្ឋានចំការម្រេចនេះផងដែរ។ នៅក្នុងពេលនោះ មានបុគ្គលិក កម្មាភិបាលនៅនាយកដ្ឋានក្សេត្រសាស្រ្ត និងកែលំអដីកសិកម្ម មានដូចជា៖ សមមិត្ត ច័ន្ទ តុងអ៊ីវ, សមមិត្ត ទ្រី ម៉េង, សមមិត្ត ឆាន់ សាផាន់, សមមិត្ត លឹម វ័ន, សមមិត្ត ហុង ឃន, សមមិត្ត មួង សាមឿន, សមមិត្ត មឿង ជួន, សមមិត្ត ស៊ីម មឿន បានដឹងឮ និងទទួលស្គាល់កសិដ្ឋានចំការម្រេចនេះផងដែរ។ស្ថិតក្នុងតួនាទីជាប្រធានកសិដ្ឋានចំការម្រេច លោក បានទទួលប្រាក់របបប្រចាំខែបន្តិចបន្តួច និងអង្ករជាង១០គីឡូពីរដ្ឋ ហើយទោះបីមានបញ្ហាលំបាកយ៉ាងណាក៏ដោយ លោក និងប្រពន្ធ ព្រមទាំងក្រុមគ្រួសារ បានតស៊ូពុះពារ មើលថែរក្សា ការពារ បុគ្គលិកកម្មករចំការម្រេច និងទ្រព្យសម្បត្តិរដ្ឋនៅភូមិសារ៉ាយ និងភូមិតានៃ ក្នុងឃុំជើងគោ ដើម្បីចៀសផុតពីការបំផ្លិចបំផ្លាញរបស់ក្រុមខ្មែរក្រហម។ ចំណែកប្រាក់របបប្រចាំខែបន្តិចបន្តួចរបស់កម្មករនៅក្នុងកសិដ្ឋានចំការម្រេច គឺពុំគ្រប់គ្រាន់ឡើយ ទើបលោក និងប្រពន្ធ បានដឹកនាំចលនាឱ្យកម្មករចូលរួមធ្វើស្រែបន្ថែមលើដីស្រែចំនួន ៤០ហិកតា ដើម្បីបង្កបង្កើនផលក្នុងការចិញ្ចឹមជីវភាពរស់នៅរបស់កម្មករ
ដោយឡែក ក្នុងពេលបំពេញបេសកកម្មនៅកសិដ្ឋានចំការម្រេចនេះ លោក និងប្រពន្ធ គឺមានដីជាលំនៅដ្ឋានមួយកន្លែងទំហំ ៦៦៧ ម៉ែត្រក្រឡា ស្នាក់នៅប្រចាំថ្ងៃ ស្ថិតនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្រុមគ្រួសារយើងខ្ញុំបានចាប់ផ្តើមប្រកបមុខរបរលក់គុយទាវ និងកាហ្វេនៅលើទីតាំងដីនេះតាំងពី១៩៧៩ ហើយនៅឆ្នាំ១៩៨៣ ដោយសារសភាពការណ៍ពេលនោះអសន្តិសុខ ព្រោះខ្មែរក្រហម អុកឡុកចាប់កម្មករ បាញ់បោះ ដុតបំផ្លាញទ្រព្យសម្បត្តិរដ្ឋ ដូចជា៖ ម៉ាស៊ីនបូមទឹក ត្រាក់ទ័រ រថយន្តរដ្ឋ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ដើម្បីរក្សាសុវត្ថិភាពដល់អាយុជីវិតរបស់កម្មករ និងទ្រព្យសម្បត្តិរដ្ឋ លោក ក៏បានខ្ចីដី និងបានសម្រេចរៀបចំទីកន្លែងធ្វើការបណ្តោះអាសន្ននៅលើដីលំនៅឋានរបស់ខ្លួន និងក្រុមគ្រួសារ នៅលើទីតាំងដីទំហំ ៦៦៧ ម៉ែត្រការ៉េ ដែលមានចំងាយ៦គីឡូម៉ែត្រពីភូមិសារ៉ាយ និងភូមិតានៃ ក្នុងឃុំជើងគោ ស្រុកព្រៃនប់ ដែលជាទីកន្លែងធ្លាប់ធ្វើការកន្លងមក។ ជាក់ស្តែង គឺមាន សមមិត្ត ច័ន្ទ តុងអ៊ីវ, សមមិត្ត ទ្រី ម៉េង, សមមិត្ត ឆាន់ សាផាន់, សមមិត្ត លឹម វ័ន, សមមិត្ត ហុង ឃន, សមមិត្ត មួង សាមឿន, សមមិត្ត មឿង ជួន, សមមិត្ត ស៊ីម មឿន, ស.ម ហួត ផុត, សមមិត្ត ម៉ៅ ណារិន , សមមិត្ត ស៊ីម សុខហេង, សមមិត្ត ណិប សុផល, សមមិត្ត សោម ចិន, សមមិត្ត ទឹង គឹមហេង, សមមិត្ត ឡុង ឈី, សមមិត្ត វ៉ិត គង់ និង សមមិត្ត ប្រាក់ ហម ដែលជាបុគ្គលិក នៃកម្មាភិបាលនៅឃុំជើងគោ និងឃុំវាលរេញ ស្រុកព្រៃនប់ និងនាយកដ្ឋានក្សេត្រសាស្រ្ត និងកែលំអដីកសិកម្ម បានដឹងឮ និងទទួលស្គាល់ថា ដីទំហំ ៦៦៧ ម៉ែត្រក្រឡា នេះ គឺជាដីលំនៅឋានរបស់គ្រួសារ លោក និងប្រពន្ធ។
ប្រជាពលរដ្ឋបានបន្តថា ក្នុងអំឡុងឆ្នាំ១៩៨៤ មានការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាលសាធារណៈរដ្នប្រជាមានិតកម្ពុជា និងពួកខ្មែរក្រហម ពេលនោះ កងកម្លាំងរដ្ឋាភិបាលបានដកថយធ្វើឱ្យខ្មែរក្រហមបានចូលដល់ផ្សារវាលរេញបាញ់រះ និងដាក់គ្រាប់បែក ហើយឈ្មោះ ហុក ស៊ិម ជាមន្រ្តីកសិដ្ឋានចំការម្រេចនៅភូមិសារ៉ាយ និងភូមិតា ក្នុងឃុំជើងគោ បានត្រូវរបួសដាច់ម្រាមដៃដោយសារការផ្ទុះគ្រាប់បែកក្នុងផ្សារវាលរេញ នៅពេលដែលគាត់បានទៅជួយរៀបចំអីវ៉ាន់ប្រពន្ធគាត់ឈ្មោះ ចាន់ ហ៊ុយពាន នៅក្នុងផ្សារ។ ពេលនោះ លឹម កៃ បានបញ្ជូនគាត់ទៅមន្ទីរពេទ្យទៀតផង។
នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ១៩៨៤ លោក និងប្រពន្ធបានរៀបចំអាពាហ៍ពិពាហ៍ឱ្យឈ្មោះ លឹម កៃ (អតីតកម្មករកសិដ្ឋានចំការម្រេច) នៅលើទីតាំងដីទំហំ ៦៦៧ ម៉ែត្រក្រឡា នេះ។ ឥឡូវឈ្មោះ លឹម កៃ មានកូន ៤នាក់៖
– កូនប្រុសច្បងឈ្មោះ ឯម ទូច មានកូន ២នាក់
– កូនស្រីឈ្មោះ តាន់ ហ៊ុយសៀ មានកូន ២នាក់
– កូនប្រុសឈ្មោះ តាន់ ឆាយរ័ត្ន បានរៀបការរួច
– កូនប្រុសឈ្មោះ តាន់ ឆាយហេង នៅលីវ
និងឈ្មោះ ឆឹង គីមអាយ ត្រូវជាកូនបង្កើត បានរៀបអាពាហ៍ពិពាហ៍ជាមួយប្តីឈ្មោះ ហេង នាថមុនី (អតីតមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បច្ចុប្បន្នជាមន្រ្តីក្រសួងបរិស្ថាន)។
នៅក្នុងឆ្នាំ១៩៨៧ ឈ្មោះ ឆឹង គឹមអេង បានផ្លាស់មកធ្វើការនៅក្រុងភ្នំពេញ ប៉ុន្តែឈ្មោះ លឹម គីមលី ជាប្រពន្ធ និងកូនៗ និងឈ្មោះ លឹម កៃ, ឈ្មោះ តាន់ ទីគា, ឈ្មោះ ឆឹង សុលីន និងឈ្មោះ ឆឹង គឹមអាយ បានបន្តរស់នៅលើទីតាំងដីទំហំ ៦៦៧ ម៉ែត្រក្រឡា នេះ។
នៅក្នុងឆ្នាំ១៩៨៧ លោក មានជំងឺធ្ងន់ធ្ងរ ហើយត្រូវវះកាត់នៅមន្ទីរពេទ្យរុស្សីនៅក្រុងភ្នំពេញ។
ពេលបោះឆ្នោតអ៊ុនតាក់ហើយ យើងខ្ញុំមិនបានឃើញមានមន្រ្តីកសិកម្មណាម្នាក់មកធ្វើការនៅលើទីតាំងដីទំហំ ៦៦៧ ម៉ែត្រក្រឡា នេះទេ (ដែលយើងខ្ញុំកំពុងរស់នៅសព្វថ្ងៃ) តាមការប៉ាន់ស្មានប្រហែលពួកគេរើអីវ៉ាន់វិលត្រឡប់ទៅកាន់កន្លែងចាស់នៅម្តុំភូមិសារ៉ាយ និងភូមិតានៃ ក្នុងឃុំជើងគោ ស្រុកព្រៃនប់ ហើយក៏លែងមានទីស្នាក់ការធ្វើការនៅលើទីតាំងដីទំហំ ៦៦៧ ម៉ែត្រក្រឡា នេះទៀតទេ។
នៅអំឡុងឆ្នាំ១៩៩៤-៩៥ នៅលើទីតាំងដីទំហំ ៦៦៧ ម៉ែត្រក្រឡា នេះ យើងខ្ញុំបានដាំដើមដូងតាមព្រំប្រទល់ខាងលិចចំនួន ៤ដើម (នៅសស់៣ដើម) ដាំដើមស្វាយចំនួន៦ដើម ដាំដើមចេក និងដាំដើមទឹកដោះគោ ព្រមទាំងធ្វើរោងស័ង្កសី ចិញ្ចឹមមាន់ទា ចាប់ពីពេលនោះមក ដល់ឆ្នាំ១៩៩៦ បានធ្វើបង្គន់នៅជ្រុងដីទិសនិរតីសម្រាប់ប្រើប្រាស់ ដល់ឆ្នាំ២០០០ បានជីកអណ្តូងទឹកថ្មីចំនួន១ទៀត និងធ្វើអាងស្តុកទឹក នៅជ្រុងដីខាងជើងសម្រាប់ប្រើប្រាស់ ដែលនៅមានរហូតដល់សព្វថ្ងៃនេះ។ចាប់ពីឆ្នាំ២០០១ រហូតមកដល់បច្ចុប្បន្ន ក្រុមគ្រួសារពួកយើងខ្ញុំបានបង្កើតសមាជិកគ្រួសារជាច្រើន ដោយបំបែកចេញជាច្រើនគ្រួសារ ហើយមានកូន និងចៅៗកំពុងបន្តរស់នៅ និងប្រកបមុខរបបរកស៊ីនៅក្នុងលំនៅឋានលើដីទំហំ ៦៦៧ ម៉ែត្រក្រឡា នេះរហូតមកដល់សព្វថ្ងៃ ហើយពុំដែលចាកចេញ ឬបោះបង់ដីនេះទៅរស់នៅទីកន្លែងណានោះទេ។
ក្រោយមក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ សាលាដំបូងខេត្តព្រះសីហនុ បានចេញលិខិតជូនដំណឹងលេខ៖ ៤៤០៣ លជណ/២២ ស្តីពីការអនុវត្តដោយស្ម័គ្រចិត្ត ទៅលើឈ្មោះ លឹម កាយ តែម្នាក់គត់ឱ្យរុះរើសំណង់ និងតតិយជនទាំងអស់ចេញពីទីតាំងក្នុងរយៈពេល៣១ថ្ងៃ តាមសាលដីកាលេខ ៥១ “ឆ” ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ របស់តុលាការកំពូល។ យ៉ាងណាមិញ នៅលើទីតាំងដីទំហំ ៦៦៧ ម៉ែត្រក្រឡា នេះមិនមែនមានតែឈ្មោះ លឹម កាយ នោះទេ យើងខ្ញុំក៏មករស់នៅទីនេះដែរ។ ឈ្មោះ ស៊ីវ សុខគីម, ឈ្មោះ ឆឹង សុលីន, ឈ្មោះ ឆឹង គឹមអាយ និងកូននិងចៅផ្សេងៗទៀតក៏រស់នៅលើដីនេះ និងប្រកបមុខរបបធ្វើអាជីវកម្មពិតប្រាកដសព្វថ្ងៃនេះតាមសារាចររបស់រាជរដ្ឋាភិបាល។
ទន្ទឹមនោះ ប្រជាពលរដ្ឋចំនួន៦គ្រួសារខាងលើបានសូមគោរពស្នើសុំឲ្យសម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាមេត្តាជួយអន្តរាគមន៍ និងស្វែងរកយុត្តិធម៌ពាក់ព័ន្ធនឹងដីទំនាស់ខាងលើនេះ ដើម្បីឱ្យពួកគាត់ជាប្រជាជនរបស់សម្តេចបានបន្តស្នាក់នៅ និងមានសិទ្ធិស្របច្បាប់ក្នុងការរស់នៅលើតំបន់នេះដោយក្តីអនុគ្រោះផង៕