សម្តេចក្រឡាហោម ស ខេង ស្នើឱ្យមន្ត្រីសមត្ថកិច្ច ត្រូវខិតខំដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋឱ្យអស់លទ្ធភាព

43

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានស្នើឱ្យមន្ត្រីសមត្ថកិច្ចគ្រប់ផ្នែក ត្រូវខិតខំដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យអស់លទ្ធភាព ខណៈរយៈពេលពីរឆ្នាំមកនេះ ហ្វេសប៊ុករបស់សម្តេចបានដោះស្រាយបញ្ហាបាន៨០២គណនី។

តាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា រយៈពេលពីរឆ្នាំ ចាប់ពីឆ្នាំ២០២០-២០២២ ក្រុមការងារតាមហ្វេសប៊ុករបស់សម្ដេច ទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃចំនួន ១ ៧៦៨ គណនី និងដោះស្រាយបាន ៨០២គណនី ហើយនៅសល់ ៦៤៧ គណនីទៀត កំពុងដោះស្រាយ។ សម្តេចក្រឡាហោមបញ្ជាក់ថា៖ «ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិនូវលទ្ធផលរបស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ គិតត្រឹមឆ្នាំ២០២២។ ចាប់ពីឆ្នាំ២០២០ រហូតដល់ដំណាច់ឆ្នាំ២០២២ កន្លងទៅនេះ ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំបានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃចំនួន ១ ៧៦៨ គណនី»។ សម្ដេចក្រឡាហោមបន្ដថា ក្នុងចំណោមនោះ ក្រុមការងារបានឆ្លើយតបទៅម្ចាស់គណនី និងដោះស្រាយបានចំនួន ៨០២ គណនី និង៦៤៧គណនីទៀត កំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ។ ទន្ទឹមគ្នានេះ ក៏មានសំណូមពរសំណួរ និងបញ្ហាខ្លះទៀត ត្រូវបានរកឃើញថាខុសពីសមត្ថកិច្ចក្រសួងមហាផ្ទៃ និងបានជូនយោបល់បង្វែរទៅស្ថាប័នមានសមត្ថកិច្ច។

សម្ដេចក្រឡាហោមបន្ថែមថា វឌ្ឍនភាពការងារនេះ អាចសម្រេចបានដោយសារកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារគេហទំព័រហ្វេសប៊ុករបស់សម្ដេច។

សម្ដេចក្រឡាហោម ស ខេង ថ្លែងអំណរគុណចំពោះជនរួមជាតិដែលបានលើកជាមតិយោបល់និងសំណូមពរនានាមកកាន់សម្ដេច តាមរយៈទំព័រហ្វេសប៊ុក ដើម្បីរួមគ្នាដោះស្រាយបញ្ហានានាក្រៅប្រព័ន្ធតុលាការ ជួយសម្រួលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងរួមគ្នាអភិវឌ្ឍន៍ សង្គមជាតិ។ ជាមួយគ្នានោះដែរ សម្ដេចក្រឡាហោម ក៏បានស្នើសុំការយោគយល់អធ្យាស្រ័យពីជនរួមជាតិ ចំពោះករណីមួយចំនួនទៀតដែលក្រុមការងារ និងភាគីពាក់ព័ន្ធនៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងអនុវត្តន៍ទៅតាមនីតិវិធី។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ក៏បានណែនាំដល់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន នាយកដ្ឋានចំណុះ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវធានាថារាល់បញ្ហាប្រ ជាពលរដ្ឋក្នុងដែនសមត្ថកិច្ច ឬមូលដ្ឋានរបស់ខ្លួន មិនត្រូវគិតថាតូច ឬធំនោះទេ ត្រូវយកចិត្តទុកដាក់ប្រមូល ទទួល និងរួមគ្នាដោះស្រាយឱ្យអស់ពីលទ្ធភាព។ សម្ដេចក្រឡាហោមបញ្ជាក់ទៀតថា៖ «រាល់បញ្ហាដែលក្ដាប់បាន ឬទទួលបានពីប្រជាពលរដ្ឋ និងទទួលបានពីថ្នាក់លើដែលនៅសេសសល់ គប្បីខិតខំពន្លឿនការដោះស្រាយ ហើយត្រូវប្រាកដថាការដោះស្រាយនោះមានភាពគ្រប់ជ្រុងជ្រោយ ចំបញ្ហា និងចប់ចុងចប់ដើមប្រកបដោយយុត្តិធម៌ ដោយមិនគ្រាន់តែធ្វើជាលិខិតស្នាមបញ្ជា និងបញ្ជូនតាមបែបបទរដ្ឋបាលនោះឡើយ»៕