អ្នកភូមិបង្កោង បន្តរក្សាប្រពៃណីចាប់ត្រីរួមគ្នា សម្រាប់ធ្វើម្ហូបបុណ្យភូមិ បុណ្យឡើងមាឃ ឬឡើងអ្នកតា

41

ខេត្តសៀមរាប : នៅថ្ងៃពុធទី ០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះមានពិធី​ចាប់​ត្រី​នេះ ត្រូវបានធ្វើឡើង​រាល់​ឆ្នាំ ទៅតាម​ទម្លាប់​ ក្នុងបឹង​បុរាណមួយ ស្ថិតក្នុងភូមិ​បង្កោង ឃុំ​អំពិល ស្រុក​ប្រាសាទបាគង​ ខេត្តសៀមរាប ដែលអ្នកភូមិ​អភិរក្ស​ត្រី​រួមគ្នាទុក មិនឱ្យ​មានការ​នេសាទ​ផ្តេសផ្តាស​នោះឡើយ​ គឺ​សម្រាប់តែ​រកត្រី​រួមគ្នា ​ក្នុងឱកាសធ្វើ​ពិធី​បុណ្យឡើង​មាឃ ឬ​ឡើងអ្នកតា ។

ឆ្នាំនេះត្រី​ក្នុង​បឹង​សម្បូរ​ជាង​ឆ្នាំមុន២ ប៉ុន្ដែ​អ្នកភូមិ​ពិបាក​ចាប់បន្តិច ​ដោយសារ ទឹក​បឹង​នៅជ្រៅ។ ត្រី​នៅក្នុង​បឹង​នេះ ត្រូវបានអនុញ្ញាតឱ្យចាប់តែអ្នកភូមិ​បង្កោង​តែប៉ុណ្ណោះ ប៉ុន្ដែក្រោយពី​អ្នកភូមិ​នេះ​ បានធ្វើ​ពិធី​ចាប់​ត្រី​រួមគ្នា​រួចហើយ ទើប​អ្នកភូមិ​ផ្សេង មាន​សិទ្ធិ​មករកត្រី​នៅ​បឹងនេះ នៅថ្ងៃ​បន្ទាប់​ទៀតបាន​។ ការចាប់​ត្រី​នេះ ធ្វើ​ឡើងជា​រៀងរាល់​ឆ្នាំ បន្ទាប់ពី​បញ្ចប់​ការងារ​ច្រូតកាត់ និង​ដាក់​ស្រូវ​ក្នុង​ជង្រុក​រួចរាល់​។

ការ​ចាប់​ត្រី​នេះ គណៈកម្មការ ​បានកំណត់​ជា​ពីរ​ផ្នែក មួយផ្នែក ​ប្រជាពលរដ្ឋ​ទាំងអស់ អាច​រកត្រី​ទុក​សម្រាប់​ខ្លួនឯង​ផ្ទាល់ និង​មួយផ្នែក ​ទៀត​នៃ​បឹង ដែល​ដាក់​សម្រាស់​ការពារ​មិន​ឱ្យ​ចាប់ពី​ដំបូង​នោះ​ ត្រូវ​ចាប់​ទុក​រួម សម្រាប់​ធ្វើជា​ម្ហូប​ក្នុង​ពិធី បុណ្យ​។

ប្រពៃណី​ចាប់​ត្រី​រួមគ្នា​នេះ ​នឹងត្រូវ​រក្សា​ឱ្យបាន​គង់វង្ស ​ដើម្បីឱ្យ មនុស្ស​ជំនាន់​ក្រោយ បាន​ស្គាល់​ និង​បាន​ដឹង​ពី​ប្រពៃណី​របស់អ្នកភូមិ​យើង​ ៕

អរគុណសន្តិភាព