ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC បានដឹកនាំកិច្ចប្រជុំពិសេសថ្នាក់ដឹកនាំកីឡាគុនខ្មែរអន្តរជាតិ នៅសណ្ឋាគារ ហ្គារឌិនស៊ីធី រាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ជាមួយនឹងប្រតិភូកីឡាមកពីសរុប៨ប្រទេស រួមទាំងម្ចាស់ផ្ទះ និងម្ចាស់ក្បាច់គុនប្រពៃណី គុនខ្មែរ ក្នុងការត្រៀមរៀបចំការប្រកួតស៊ីហ្គេម នាខែឧសភា ឆ្នាំ២០២៣។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយកិច្ចប្រជុំនេះ ឯកឧត្តម វ៉ាត់ ចំរើន អះអាងថា ក្នុងកិច្ចប្រជុំនៃការដាក់ប្រភេទកីឡាគុនខ្មែរ សម្រាប់ស៊ីហ្គេម ២០២៣ គឺទទួលបានការគាំទ្រពី៨ប្រទេស ដូចជាឡាវ វៀតណាម មីយ៉ាន់ម៉ា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន ថៃ រួមទាំងម្ចាស់ផ្ទះ កម្ពុជា។ នេះជាលើកដំបូងនៃប្រភេទកីឡាគុនខ្មែរ ដែលទទួលបានការគាំទ្រ និងដាក់បញ្ជូលក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ពី៨ប្រទេស ក្នុងចំណោម១១ប្រទេសនៃអាស៊ីអាគ្នេយ៍ ដោយស្របទៅនឹងគោលការណ៍ និងការរៀបចំស៊ីហ្គេម ហើយក៏ជាបុព្វសិទ្ធិរបស់ម្ចាស់ផ្ទះ ក្នុងការដាក់បញ្ជូលប្រភេទកីឡាប្រពៃណី គុនខ្មែរ ដោយមិនមានប្រភទកីឡា Muay នោះទេ ក្នុងស៊ីហ្គេម ២០២៣។
ឯកឧត្តមអគ្គលេខាធិការបានចាត់ទុកថា នេះជាសមិទ្ធផលមួយ និងជាជោគជ័យរបស់ប្រភេទកីឡាប្រពៃណី គុនខ្មែរ ហើយកម្ពុជានឹងរៀបចំបទបញ្ជាការប្រកួត និងគោលការណ៍ស្តង់ដារពិសេសតែមួយសម្រាប់ការអនុវត្ត និងការគោរពជាសកល។ ឯកឧត្តមក៏បានអំពាវនាវដល់មហាជនសូមបញ្ឈប់ប្រើប្រាស់ពាក្យឌឺដងរវាងគុនខ្មែរ និង Muay ពីព្រោះក្នុងស្មារតីកីឡាគឺមានគុណតម្លៃនៃការអប់រំ ដើម្បីជំរុញដល់សុខភាពល្អ មិត្តភាព សាមគ្គីភាពនៃប្រជាជនទាំងអស់ លើពិភពលោក។ ឯកឧត្តម វ៉ាត់ ចំរើន ក៏បានប្តេជ្ញាចិត្តខ្ពស់បញ្ជ្រាបការផ្សព្វផ្សាយ និងការអភិរក្ស អភិវឌ្ឍក្បាច់គុនខ្មែរទៅកាន់ពិភពលោកឱ្យកាន់តែផុសផុលបន្ថែមទៀត។
ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់បន្ថែមថា ជាមួយគ្នានេះ សមាជិកាទាំង៨ប្រទេសក៏បានឯកភាពគ្នាទាំងស្រុងទៅលើបទបញ្ជាប្រកួត និងវិញ្ញាសាតាមប្រភេទទម្ងន់ ក្នុងពេលស៊ីហ្គេម នាខែឧសភា ឆ្នាំ២០២៣ ដើម្បីយកទៅប្រើប្រាស់ និងការគោរពជារួមនៅគ្រប់ប្រទេស ព្រមទាំងសម្រាប់ការប្រកួតលក្ខណៈអន្តរជាតិក្រោយៗទៀត។ ទន្ទឹមនេះ ដើម្បីលើកទឹកចិត្តកីឡាគុនខ្មែរយើង និងជាវប្បធម៌ អរិយធម៌គុនខ្មែររបស់យើងដ៏ផូរផង់ និងកីឡាអត្តសញ្ញាណបុព្វបុរសជាតិ កម្ពុជាបានបញ្ចូលវិញ្ញាសាសម្តែង ដែលហៅថា « គុនគ្រូ»។ គុនគ្រូ គឺជាសិល្បៈមួយដែលរក្សាប្រពៃណីទំនៀងទំនាប់ និងថែរក្សានូវអត្តសញ្ញាណយើង ដោយក្បាច់គុនយើងមានទាំងសិល្បៈ មានទាំងយុទ្ធគុន មានទាំងយុទ្ធសាស្រ្ត និងយុទ្ធវិធី ទាំងនេះគឺជាសិល្បៈកីឡាមួយ ហើយការដាក់បញ្ចូលវិញ្ញាសាគុនគ្រូនេះ ប្រទេសទាំងអស់បានឯកភាពគ្នា គាំទ្រ យកទៅហ្វឹកហាត់តាមការណែនាំរបស់យើង ដើម្បីមកប្រកួតជាមួយយើងនៅស៊ីហ្គេម។ នេះបើតាមឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់បន្ថែម។
ឯកឧត្តមអគ្គលេខាធិការបានលើកឡើងថា ចំណុចមួយទៀតកម្ពុជាបានកំណត់របៀបតុបតែងខ្លួនកីឡាប្រដាល់គុនខ្មែរ ដើម្បីបញ្ជាក់ពីអត្តសញ្ញាណយើង គឺប្រើក្រមា និងទង់ជាតិជួតក្បាលនៅខាងមុខ។ រីឯប្រទេសផ្សេងគឺអាចប្រើក្រមាដូចគ្នា ដោយគ្រាន់តែដាក់ទង់ជាតិរបស់ប្រទេសរៀងៗខ្លួនបាន។ ឯកឧត្តមបានកត់សម្គាល់ថា គ្រប់តាមស្ថានីយ៍ទូរទស្សន៍ គ្រប់ការប្រកួតគុនខ្មែរទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវធ្វើគំរូនៃទម្រង់តុបតែងខ្លួនរបស់កីឡាករឱ្យដូចៗគ្នា អនុវត្តន៍ឱ្យបានដូចៗគ្នា គឺគំរូពុម្ពតែមួយ ស្លៀកតែមួយ ការតុបតែងតែមួយឱ្យមានឯកភាពជាតិតែមួយ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍមួយឆ្ពោះទៅរកចីរភាព។
ឯកឧត្តម វ៉ាត់ ចំរើន ក៏បានប្តេជ្ញាចិត្តនឹងផ្សព្វផ្សាយស្វែងរកសមាជិកភាពឱ្យបានច្រើនបន្ថែមទៀត ដោយបច្ចុប្បន្នកីឡាគុនខ្មែរ មានសមាជិកគ្រប់ទ្វីបទាំងអស់សរុប២៩ប្រទេស រាប់បញ្ជូលទាំងក្នុងអាស៊ានមានគុនខ្មែរ៨ប្រទេស) សញ្ញាណវិជ្ជមាននេះ គឺជាឱកាសមាសមួយសម្រាប់កម្ពុជា ក្នុងការដាក់បញ្ជូលកីឡាគុនខ្មែរចូលក្នុងស៊ីហ្គេម។ បន្ថែមពីលើនេះ កម្ពុជានឹងខិតខំប្រឹងប្រែងពង្រីកឥទ្ធិពល សក្តានុពល វប្បធម៌ជាតិទៅគ្រប់ប្រទេសទាំងអស់ ដោយក្បាច់គុនបុរាណខ្មែរនេះ មានមូលដ្ឋានគ្រឹះក្នុងការរៀបចំឱ្យបានត្រឹមត្រូវក្បួនខ្នាតទ្រឹស្តីកីឡា និងច្បាប់ទម្លាប់ត្រឹមត្រូវ និងជាប្រភេទកីឡាមានប្រជាប្រិយភាព តាមរយៈការគាំទ្រពីមជ្ឈដ្ឋានអន្តរជាតិ ក្នុងកិច្ចប្រជុំនាយកបេសកម្មអូឡាពិកប្រទេសនីមួយៗ មិនមានលើកមកនិយាយពីគុនខ្មែរ។ ដូច្នេះមានន័យថា បណ្តាប្រទេសទាំងអស់បានផ្តល់ការគាំទ្រលើកីឡាគុនខ្មែរ សម្រាប់ស៊ីហ្គេម ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា៕