ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងថា ព្រះពុទ្ធសាសនាមិនអាចខ្វះបាន ដើរតួនាទីដ៏សំខាន់ ក្នុងសង្គមអប់រំមនុស្សឱ្យចេះគោរពស្រឡាញ់គ្នា ធ្វើអំពើល្អ

10

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្ត មណ្ឌលកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធសាលធម្មសភា និងសមិទ្ធផល នានា នៅវត្តកោះពន្លាជ័យ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២៣។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភាប្រចាំភូមិភាគ និងមណ្ឌលខេត្តកំពង់ស្ពឺ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាលនៃ គណៈអភិបាលខេត្ត រួមទាំងក្រុមការងារថ្នាក់ជាតិ ខេត្ត ស្រុកផងដែរ។​ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងការត្រេកអរជាមួយព្រះតេជគុណ និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ព្រោះថា ព្រះពុទ្ធសាសនាមិនអាចខ្វះបានដើតួនាទីដ៏សំខាន់ ក្នុងសង្គមអប់រំមនុស្សឱ្យចេះគោរព និងស្រឡាញ់គ្នាធ្វើអំពើល្អ។

ឯកឧត្តមបន្តថា លោកយាយលោកតា និងប្រជាពលរដ្ឋ ឃុំអមលាំង ដែលបានទទួល សមិទ្ធផលថ្មីៗជាច្រើន ជាពិសេសសាលធម្មសភានៅក្នុងវត្តកោះពន្លាជ័យ ដែល នឹងដើរតួនាទីបំពេញតម្រូវការនានាក្នុងវត្ត បម្រើដល់ព្រះពុទ្ធសាសនា និងជាទីសក្ការៈសម្រាប់ ពុទ្ធសាសនិក។

ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាល ជ្រៅចំពោះព្រះតេជគុណ សាន សាន់ ព្រះគ្រូចៅអធិការវត្តពន្លាជ័យ ព្រមទាំងគណៈកម្មការ អាចារ្យវត្តទាំងអស់ ដែលបានខិតខំកសាងសមិទ្ធផលទាំងនេះឡើង។​

ឯកឧត្តម ហ៊ុន ម៉ានី ក៏សូមអរគុណចំពោះ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោក ស្រី និងពុទ្ធបរិស័ទទាំងអស់ ដែលបានបរិច្ចាគកម្លាំងកាយ កម្លាំងចិត្ត សម្ភារ និងថវិកា ដើម្បីចូលរួមកសាងសមិទ្ធផលជាបន្តបន្ទាប់ក្នុងខេត្តកំពង់ស្ពឺ។ ប្រការនេះគឺបានគិតគូរ និងយកចិត្តទុកដាក់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ តាមរយៈគម្រោងជួសជុល ស្តារ សាងសង់ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ និងវត្តអារាម និងសមិទ្ធផលផ្សេងៗទៀត ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ។​

ឯកឧត្តមបានរំលឹកដែរថា ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺបានចូលរួមចំណែក នៃភាព ជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយមានការអត់ធ្មត់ យោគយល់ គាំទ្រវិធាន ការ ដែលដាក់ចេញដោយក្រសួងសុខាភិបាល ក្រោមការអំពាវនាវដោយរាជរដ្ឋាភិបាល។​ឯកឧត្តម វ៉ី សំណាង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម ហ៊ុន ម៉ានី និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ រួមទាំងសប្បុរសជន ដែលតែង តែគិតគូរពីប្រជាពលរដ្ឋ និងបានខិតខំកសាងសមិទ្ធផលនានាជូនដល់ប្រជាជនជាហូរហែ។​ឯកឧត្តមបានបន្ថែមថា តាមរយៈសមិទ្ធផលទាំងឡាយខាងលើនេះយើងមិនអាច បំភ្លេចបានតម្លៃនៃសន្តិភាព ដែលតាមរយៈសន្តិភាពដែលយើងថែរក្សា យើងនឹងអាចទទួល បានសមិទ្ធផលជាបន្តបន្ទាប់ទៀត៕