លោកស្រី សៀង ចាន់ហេង យល់ព្រមប្រគល់ដីវិវាទទំហំ ៥០ ហិកតា ០៨ អា ស្ថិតនៅភូមិ ទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ជូនលោកស្រី ហ៊ុន ប៊ុនធឿន និងលោកស្រី ហៀវ លន់។
កាលពីថ្ងៃទី២៣ ខែមករា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកកិច្ចប្រជុំដោះស្រាយបញ្ចប់វិវាទដីធ្លីរវាងលោកស្រី សៀង ចាន់ហេង ជាមួយលោកស្រី ហ៊ុន ប៊ុនធឿន និងលោកស្រី ហៀវ លន់ ស្ថិតនៅចំណុចចន្លោះទំនប់ ៩៤-៩៦ និងចន្លោះខ្សែស្រប ៥៤-៥៦៥៧ ក្នុងភូមិសាស្ត្រភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
កិច្ចប្រជុំមានការចូលរួមពីលោក ឡោ ដាវុធ រដ្ឋលេខាធិការ លោក សេង ឡូត អគ្គនាយករដ្ឋបាល លោក សួន សូផា អគ្គនាយកសុរិយោដី និង ភូមិសាស្ត្រ លោក សេង សុវណ្ណរ័ត្ននា អគ្គនាយករងរដ្ឋបាល លោកជំទាវ ហ៊ុន ប៊ុនធឿន លោកជំទាវ ហៀវ លន់ លោកជំទាវ សៀង ចាន់ហេង។
ភាគីវិវាទបានឯកភាពគ្នាដូចខាងក្រោម ៖
១.លោកស្រី សៀង ចាន់ហេង ទទួលស្គាល់និងប្រគល់ជីវិវាទទំហំ ៥០ ហិកតា ០៨ អា ស្ថិតនៅភូមិ ទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ដូចមានផែនទីបង្ហាញទីតាំងដីភ្ជាប់ជាឧបសម្ព័ន្ធកិច្ចព្រមព្រៀងនេះ ជូនលោកស្រី ហ៊ុន ប៊ុនធឿន និងលោកស្រី ហៀវ លន់។
២. លោកស្រី ហ៊ុន ប៊ុនធឿន និងលោកស្រី ហៀវ លន់ យល់ព្រមទទួលដីដែលប្រគល់ជូនខាងលើ។
៣. ភាគីទាំងពីរយល់ព្រមដកពាក្យបណ្តឹងដែលបានដាក់នៅគ្រប់ស្ថាប័ន និងស្ថាប័នតុលាការ រួមទាំងសំណុំរឿង រក្សាការពារទាំងអស់យ៉ាងយូរពីរសប្ដាហ៍គិតចាប់ពីថ្ងៃចុះកិច្ចព្រមព្រៀងនេះ។