ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ អាកាសធាតុនៅកម្ពុជានឹងចុះត្រជាក់ខ្លាំងដល់ ១៥អង្សាសេ ពិសេសនៅខេត្តរតនៈគិរី មណ្ឌលគិរី ព្រះវិហារ និងឧត្តរមានជ័យ។
នេះបើតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧត្តុនិយម នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ។ យោងតាមសេចក្តីជូនដំណឹងដដែលបានឲ្យដឹងថា នៅតំបន់ទំនាបកណ្តាល នឹងមានអាកាសធាតុចុះត្រជាក់ក្នុងកម្រិតមធ្យមពី ១៨ ដល់ ២២អង្សាសេ រីឯតំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមាពី១៥ ដល់២០អង្សាសេ ពិសេសអាកាសធាតុនៅពេលព្រឹក និងពេលយប់អាចធ្លាក់ដល់សីតុណ្ហភាពត្រឹម ១៥ ដល់ ១៧អង្សាសេ។
ដោយឡែកអាកាសធាតុនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាពី២១ ដល់២៣អង្សាសេ ហើយអាចនឹងមានខ្យល់បោកបក់លាយឡំ និងរលកសមុទ្រខ្ពស់ៗផងដែរ។
អាស្រ័យដូចនេះសូមបងប្អូនត្រៀមលក្ខណៈឲ្យបានរួចរាល់ដើម្បីថែរក្សាសុខភាព និងសុវត្ថិភាពទាំងអស់គ្នា៕