ខណ្ឌច្បារអំពៅទៀតហើយ ករណីហិង្សាបង្កដោយអ្នកញៀនល្បែងស៊ីសង

27

ករណីហិង្សាបោកកម្ទេចទូរស័ព្ទអ្នកសារព័ត៌មាន ខណៈអ្នកសារព័ត៌មានកំពុងតែចុះបំពេញការងារថតយកសកម្មភាព ក្រុមញៀនល្បែងស៊ីសងខុសច្បាប់ជល់មាន់ ស្ថិតនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា៖ ទីតាំងល្បែងស៊ីសងខុសច្បាប់មាន់ជល់ខាងលើនេះ បានបើកដំណើរការរៀងរាល់ថ្ងៃ ជាពិសេសខ្លាំងថ្ងៃសៅរ៍និងថ្ងៃអាទិត្យ គឺមានការប្រមូលផ្ដុំគ្នាលេងយ៉ាងគគ្រឹកគគ្រេង ខណៈសមត្ថកិច្ចមូលដ្ឋានមិនមានវិធានការបង្ក្រាបសោះឡើយ។

ចំពោះទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើ ខាងសារព័ត៌មានបានធ្វើសេចក្តីរាយការណ៍ជាញឹកញាប់ ជូនដល់អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន ដើម្បីសុំឱ្យមានការបង្ក្រាប ។ តែផ្ទុយទៅ វិញអាជ្ញាធរពាក់ព័ន្ធទាំងនោះមិនមានការបង្ក្រាបនោះទេ ពោលគឺនៅតែបណ្តែតបណ្ដោយដដែល។ រហូតដល់រសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ ខាងសារព័ត៌មានចុះទៅផ្តិតរូបភាព ស្រាប់តែបក្សពួកក្រុមញៀនល្បែងទាំងនោះចាប់ផ្តើមប្រើហិង្សាទៅលើអ្នកសារព័ត៌មានព័ត៌មាន ដោយចាប់ទូរស័ព្ទបោកកម្ទេចចោលចំនួនពីរគ្រឿង តែម្តង។

បើយោងតាមការផ្តល់ព័ត៌មានពីជនរងគ្រោះ ដែលជាអ្នកសារព័ត៌មាន ត្រូវបានក្រុមញៀនល្បែងចាប់ទូរស័ព្ទបោកនោះ បានប្រាប់ឱ្យដឹងថា៖ ដោយសារតែជនញៀនល្បែងនោះ ខឹងខ្លួនចុះផ្សាយព័ត៌មានពីសកម្មភាពលេងល្បែងរបស់ពួកខ្លួន ទើបគុំគួន ហើយក៏បោកទូរស័ព្ទរបស់ខ្លួនកម្ទេចចោលតែម្តង។

ករណីខាងលើនេះដែរ ជនរងគ្រោះដែលជាអ្នកសារព័ត៌មាន ស្នើសុំដល់លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ទៅជនដែលបានប្រព្រឹត្តផងទាន។

គួររំលឹកដែរថា៖ ខណ្ឌច្បារអំពៅ កន្លងមកក៏ធ្លាប់មានករណី ម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់តាមហាងកាហ្វេ បានទាញដំបងដេញវាយអ្នកសារព័ត៌មានរត់ផ្អើលពេញផ្លូវផងដែរ កាលពីចុងឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ៕