ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយ ឯកឧត្តម អនុប្រធាន ស.ស.យ.ក. បានអញ្ជើញជួបជាមួយគណៈគ្រប់គ្រងនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដើម្បីស្តាប់នូវរបាយការណ៍វឌ្ឍនភាព និងស្វែងយល់អំពីស្ថានភាពរបស់សាកលវិទ្យាល័យ

21

នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយ ឯកឧត្តម អនុប្រធាន ស.ស.យ.ក. បានអញ្ជើញជួបជាមួយគណៈគ្រប់គ្រងនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដើម្បីស្តាប់នូវរបាយការណ៍វឌ្ឍនភាព និងស្វែងយល់អំពីស្ថានភាពរបស់សាកលវិទ្យាល័យ ជាពិសេសលើការងារអភិវឌ្ឍសមត្ថភាពយុវជន តាមរយៈការពង្រឹង និងពង្រីកការផ្ដល់ឱកាសដល់យុវជន និងនិស្សិតនៅសាកលវិទ្យាល័យបន្ថែមទៀត។

ក្នុងជំនួបនាព្រឹកនេះដែរ ឯកឧត្តមហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន និងសមិទ្ធផលនានាដែលសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សម្រេចបាន ជាពិសេសក្នុងកិច្ចការងារផ្សារភ្ជាប់យុវជនជានិស្សិត ទៅនឹងសង្គមជាតិ តាមរយៈការចូលរួមការងារស្ម័គ្រចិត្តក្នុងក្របខណ្ឌក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សានៃស.ស.យ.ក. បន្ថែមលើបេសកកម្មស្នូលរបស់ខ្លួនក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកសុខាភិបាល ក្រោមការដឹកនាំរបស់ឯកឧត្តមសាស្រ្តាចារ្យ សាវុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងជាសមាជិកគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្តស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ។

បន្ទាប់ពីជួបជាមួយគណៈគ្រប់គ្រងនៃសាកលវិទ្យាល័យ មិនខុសពីសព្វមួយដង ឯកឧត្តម ហ៊ុន ម៉ានី នឹងបន្តជួបជាមួយសមាជិក សមាជិកា ក្នុងរចនាសម្ព័ន្ធ ស.ស.យ.ក. ប្រចាំនៅសាកលវិទ្យាល័យវិទ្យសាស្ត្រសុខាភិបាល។