លោកមេឃុំបានកាម មិនប្រឹងប្រែងបំរើរាស្ត្រ បែរជាទៅដកមេភូមិបម្រើរាស្ត្រត្រឹមត្រូវចោលទៅវិញ

127

ខេត្តតាកែវ ៖ លោក ឃនសុខេង មេឃុំបានកាម ស្រុកព្រៃកប្បាស់ ត្រូវបានប្រជាពលរដ្ឋជាច្រើនដាក់រហ័សនាមថាជាត្រីឆ្តោស៊ីកូនឯង។

តាមប្រភពពីប្រជាពលរដ្ឋឲ្យដឹងថា លោកមេឃុំ រូបនេះពិតជាសម្បូររឿងអាស្រូវខ្លាំងណាស់ ព្រោះមួយរយៈកន្លងមកគាត់មិនបានយកចិត្តទុកដាក់បម្រើសេវាសាធារណៈប្រជាពលរដ្ឋចំណុះឃុំទេ ហើយមូលហេតុដែលពួកគាត់ដាក់រហ័យនាមលោកជាត្រីឆ្តោស៊ីកូនឯងដូច្នេះ ព្រោះកាលពីពេលថ្មីៗនេះ គាត់បានរៀបចំបោះឆ្នោតរើសមេភូមិដូងខ្ពស់ថ្មី ទាំងដែលមេភូមិចាស់កំពុងបម្រើការងារជូនប្រជាពលរដ្ឋយ៉ាងសកម្ម ផ្អែកតាមជនអគតិមួយក្រុមតូចផ្តិតមេដៃប្តឹងថា គាត់អសមត្ថភាពនិងចោទមេភូមិចាស់ធ្វើប័ណ្ឌក្រីក្រ និងប័ណ្ឌហានិភ័យ ឲ្យប្អូនខ្លួនឯង ទាំងដែលរឿងនេះមិនមែនជាការពិត។ ក្រោយទទួលពាក្យបណ្តឹងមេឃុំមិនជួយសម្រុះសម្រួលជួយមេភូមិចាស់ទេ បែរជាគម្រាមមេភូមិចាស់គ្រប់យ៉ាង និងហាមកុំឲ្យគាត់ដើរផ្តិតមេដៃពីប្រជាពលរដ្ឋគាំទ្រខ្លួនទៀតផង។

ប្រជាពលរដ្ឋដែលផ្តិតមេដៃគាំទ្រមេភូមិចាស់បានបញ្ជាក់ថា មេភូមិចាស់គ្មានកំហុសទេ គាត់មានស្នាដៃល្អ ដូចជាធ្វើផ្លូវ ក្នុងភូមិ ខុសពីមេឃុំ តែដោយសារមេភូមិមានប្រជាប្រិយភាពជាងខ្លួនជាមេឃុំ ទើបគាត់រកឱកាសដកមេភូមិចោល។ ពួកគាត់បន្តថា ប្រសិនបើដកមេភូមិដូងខ្ពស់ចោល គួរតែដកមេឃុំនេះចោលមុន ព្រោះមេឃុំរូបនេះមិនបានចុះមកផ្ទាល់ដល់ផ្ទះប្រជាពលរដ្ឋក្នុងមូលដ្ឋានជួយសម្រាលទុក្ខលំបាកពួកគាត់ទេ ជាក់ស្តែងគាត់បានកាយប្រឡាញយកអាចម៍ដីទុកលើខ្នងប្រឡាញធ្វើឲ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរនិងដឹកស្រូវមិនកើតទៀត។

ជុំវិញករណីខាងលើអ្នកសារព័ត៌យើងមិនអាចទាក់ទងលោកមេឃុំបានកាម បានទេនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ ដោយទូរស័ព្ទមិនចូល។ ចំណែកលោក ឌឹម គឹមសាន អភិបាលស្រុកព្រៃកប្បាសបានបញ្ជាក់ថា រឿងលោកមេភូមិចាស់ដែលបម្រើប្រជាពលរដ្ឋ គឺមិនមែនចេះតែដក ដកនោះទេ ករណីនេះចាំលោកចុះទៅស្រាវជ្រាវ និងកោះហៅមកពិភាក្សា។

សូមបញ្ជាក់ថា តាមផែនការរបស់លោកមេឃុំ គឺគាត់និងធ្វើការបោះឆ្នោតជ្រើសរើសមេភូមិថ្មី នៅថ្ងៃទី១៨ ខែមករា ស្អែកនេះ៕