សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ការពារច្រកព្រំដែនកម្ពុជា-ឡាវ ឃា.ត់ខ្លួនជនសង្ស័យជាជនជាតិឡាវម្នាក់ជាមួយនឹងថ្នាំញៀន១០កញ្ចប់ធំឆ្លងដែនចូលកម្ពុជា…

62

ខេត្តស្ទឹងត្រែង ៖ មន្ត្រីនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ការពារច្រកព្រំដែនកម្ពុជា-ឡាវ ហៅកាត់ថា(BLO) បានសហការគ្នាជាមួយនគរបាលជំនាញការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានឆ្មក់បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ជាជនជាតិឡាវជាមួយនឹងវត្ថុតាងគ្រឿងញៀនចំនួន១០កញ្ចប់។

ប្រតិបត្តិការចុះបង្ក្រាបនេះបានធ្វើឡើងនៅចំណុចស្ពានទី២ ក្នុងភូមិសាស្ត្រព្រំដែនកម្ពុជា-ឡាវ ស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង នៅវេលាម៉ោង០៩៖៤៥នាទីព្រឹកថ្ងៃអាទិត្យ ១២កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២។

នេះបើតាមការឱ្យដឹងពីមន្ត្រីនគរបាល (BLO) ។  ការចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យខាងលើ ជាមួយនឹងវត្ថុតាងថ្នាំញៀន១០កញ្ចប់នេះ គឺជនសង្ស័យមានឈ្មោះភីប ម៉ាន់ចាន់កាន់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិឡាវ មានស្រុកកំណើតនៅភូមិថាកាំង ស្រុកមួន ខេត្តចំប៉ាសាក់ ប្រទេសឡាវ។

សមត្ថកិច្ចបានបន្តឱ្យដឹងទៀតថា ជនសង្ស័យដែលកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនបានឃាត់ខ្លួនជាមួយវត្ថុតាងនោះ ក្រោយការឃាត់ខ្លួនហើយ សមត្ថកិច្ចមានការសង្ស័យក៏ហៅសួរនាំ និងធ្វើការឆែកឆេរក្នុងបង្វេចការុងពណ៌ខៀវនោះឃើញមានសារធាតុញៀនចំនួន១០កញ្ចប់ដែលជនសង្ស័យបានយកឆ្លងដែនពីប្រទេសឡាវមកកម្ពុជាយើង តាមច្រករបៀងក្នុងភូមិសាស្ត្រស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង

ហើយក៏ត្រូវបានសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនភ្លាមៗតែម្តង និងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីសាកសួរនិងស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ជាពិសេសមេខ្លោងនៅពីក្រោយខ្នងរឿងនេះ រួចនឹងបញ្ចូនខ្លួនជនសង្ស័យជនជាតិឡាវ រួមនឹងវត្ថុតាងខាងលើទៅតុលាការខេត្តស្ទឹងត្រែងដើម្បីបន្តតាមនីតិវិធីច្បាប់៕