លោកអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុម្នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន ពាក់ព័ន្ធករណីកិបកេងថវិការដ្ឋជាង៣០ម៉ឺនដុល្លារ

25

ភ្នំពេញ៖ លោក ឡាយ សំណាង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ក្រសួងសង្គមកិច្ច ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយរៀបចំនីតិវិធីឃាត់ខ្លួន និងបញ្ចូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងករណីកិបកេងថវិការដ្ឋជាង៣០ម៉ឺនដុល្លារ។

លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានក្នុងស្រុកមួយ ឱ្យដឹងថា លោក ឡាយ សំណាង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតីសម្បទា និងជាអ្នកភ្នាក់ងាររបស់ក្រសួងដើម្បីទៅបើកប្រាក់ពីធនាគារ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនហើយ ពាក់ព័ន្ធនឹងករណីកិបកេងថវិការដ្ឋជាង ១,៥០០ លានរៀល ស្មើនឹងជាង៣៨ម៉ឺនដុល្លារ ក្នុងនោះមានទាំងការកិបគេងប្រាក់របបគោលនយោបាយរបស់រដ្ឋជូនជនពិការក្រីក្រ នៅតាមសហគមន៍ចំនួនជិត ៤ពាន់នាក់ផងដែរ។

ជុំវិញករណីនេះ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបង្ហើបទៀតថា ក្រៅអំពីការជាប់សង្ស័យទៅលើអំពើពុករលួយ បទល្មើសកេងយកផលប្រយោជន៍ដោយខុសច្បាប់ហើយនោះ លោក ឡាយ សំណាង នៅជាប់សង្ស័យអំពីបទល្មើសសម្អាតប្រាក់ផងដែរ៕