ជុំវិញបរិវេណព្រះបរមរាជវាំង បានប្រែក្លាយជាចំណតរថយន្ត និងម៉ូតូឯកជនយ៉ាងអណាធិបតេយ្យលើផ្លូវសាធារណៈ

19

ភ្នំពេញ៖ នៅជុំវិញបរិវេណព្រះបរមរាជវាំងបច្ចុប្បន្ន កំពុងត្រូវបានរំលោភបំពានដោយចំណតរថយន្ត និងម៉ូតូឯកជនមួយចំនួន ដែលកំពុងបង្កការកកស្ទះចរាចរណ៍ និងអាណាធិបតេយ្យយ៉ាងខ្លាំង។

យោងតាមរូបភាពដែលក្រុមការងារព័ត៌មានយើងបានចុះផ្តិតដោយផ្ទាល់កាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ បានបង្ហាញថា នៅតាមបណ្ដោយផ្លូវលេខ១៨៤ ត្រង់ចំណុចក្បែរវាលព្រះមេរុ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ គឺមានអាជីវកម្មចំណតរថយន្ត និងម៉ូតូយ៉ាងច្រើន ដាក់តាំងទីនៅចិញ្ចើមផ្លូវ និងនៅពីលើផ្លូវសាធារណៈតែម្តង ដែលធ្វើឲ្យបាត់បង់សោភ័ណភាពទីក្រុង ខណៈទីតាំងខាងលើជាតំបន់ទេសចរណ៍ និងប្រវត្តសាស្រ្ត នៅចំកណ្ដាលរាជធានីភ្នំពេញ ជាពិសេសបង្កជាការកកស្ទះចរាចរណ៍យ៉ាងខ្លាំងដល់អ្នកធ្វើដំណើរ ពោលគឺម្ចាស់ចំណតទាំងនោះបានយកកំណាត់ផ្លូវលេខ១៨៤ស្ទើតែទាំងស្រុង សម្រាប់ដាក់រថយន្ត និងម៉ូតូទៅវិញ ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋជាអ្នកដំណើរបានលើកឡើងថា កំណាត់ផ្លូវខាងលើនេះ ប្រសិនបើថ្ងៃសៅរ៍ អាទិត្យវិញគឺគ្មានផ្លូវជិះតែម្ដង ទើបធ្វើឲ្យពួកគាត់សម្រេចចិត្តជិះវៀងផ្លូវ ។

ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋបានសំណូមពរដល់លោកជា ខេមា អភិបាលខណ្ឌដូនពេញមេត្តាមានចំណាត់ការទៅបញ្ហានេះផង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋផង ក៏នឹងដើម្បីសោភ័ណ្ឌភាពទីក្រុងផងដែរ ៕