ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស ខណ្ឌដង្កោ បានស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ជាបន្ដបន្ទាប់ ពាក់ព័ន្ធនឹងករណីធាក់ផ្តួលប្លន់យកម៉ូតូ ។ ក្រោយសាកសួរបញ្ចប់នីតិវិធី នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ សមត្ថកិច្ចជំនាញក៏បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនចំនួន០៤នាក់នោះរួមមាន៖ ១- ឈ្មោះ ទូច អេនថូនី ភេទប្រុស, ២-ឈ្មោះ ចាន់ ស៊ីយាន ភេទប្រុស, ៣- ឈ្មោះ គ្រីស ឈិត វិសាល, ៤- គុជ រ៉ាយុទ្ធ ភេទប្រុស។
បេីតាមប្រភពព័ត៌មានពីមន្រ្តីនគរបាលខណ្ឌដង្កោបានឱ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹសកាលពីថ្ងៃទី០៨-០៩ ខែកុម្ភៈ ឆ្នាំ២០២២បាន ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធនឹងករណីធាក់ផ្តួលប្លន់យកម៉ូតូ នៅចំណុចក្បែរបុរីជីបម៉ុង លើផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ពេលកម្លាំងកំពុងជិះល្បាតតាមផ្លូវ៦០ម៉ែត្រ បានឃើញក្រុមជនសង្ស័យក៏បានធ្វើការឡោមព័ទ្ធឃាត់ខ្លួន។
ចំណែកជនរងគ្រោះឈ្មោះ អោម សំបូរ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិបារគូ ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យទាំង០៤នាក់ខាងលើបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកគេ (ជនសង្ស័យ) និងបក្ខពួក ពិតជាបានធ្វើសកម្មភាពជិះម៉ូតូកៀរ និងធាក់ផ្តួលប្លន់យកម៉ូតូរបស់ជនរងគ្រោះប្រាកដមែន ប្រព្រឹត្តនៅកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៣និង១៥នាទី ត្រង់ចំណុចក្បែរក្រុមហ៊ុន Kerry World Bridge Logistics ផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកស្គូពី ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1IR-7215 ចំនួន០១គ្រឿង, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ1HP-8108។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕