ប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងឃុំ2ធ្នូ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា ឈ្មួញយ៉ាងឃុនម៉ានីម៉ានីធ្វើសកម្មភាពដឹកជញ្ជូនធ្យូងចេញទៅស្រុកយួនតាមច្រករបៀងដេ3 ក្បែរច្រកទ្វារអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ យ៉ាងពេញបន្ទុកគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា រយៈពេលជិត១ខែមកហើយដែលឈ្មួញដឹកជញ្ជូនធ្យូងចេញទៅស្រុកយួនតាមច្រកដេ3ទាំងថ្ងៃទាំងយប់ដោយគ្មានមន្រ្តីជំនាញឬសមត្ថកិច្ចណាចាត់វិធានការទប់ស្កាត់ទាល់តែសោះ។ ដូច្នេះហើយ ទើបមានការជំរុញឲ្យលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ព្រមទាំងលោក លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ ពិនិត្យឡើងវិញខ្លះផង ព្រោះបទល្មើសកើតឡើងយ៉ាងគំហុក។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានលើកឡើងថា ក្រុមឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនធ្យូងចេញទៅស្រុកយួនតាមច្រកដេ3 ឃុំ2ធ្នូ ស្រុកស្នួល ខេត្តក្រចេះ សុទ្ធតែមានខ្នងបង្អែករឹងមាំ ទើបមិនប្រឈមនឹងការបង្ក្រាប។ ឈ្មួញទាំងនេះប្រើប្រាស់រថយន្តកូរ៉េ និងរថយន្តសាំយ៉ុងកែច្នៃដឹកជញ្ជូនធ្យូងចេញទៅស្រុកយួនយ៉ាងគគ្រឹកគគ្រេងក្នុងមួយយប់ៗ មិនតិចជាង20គ្រឿងទៅ30គ្រឿងនោះទេ ដោយសារមានការឃុបឃិតជាប្រព័ន្ធ។ បើគ្មានការបើកដៃពីមន្ត្រីជំនាញ សមត្ថកិច្ចពាក់ព័ន្ធ និងសមត្ថកិច្ចនៅច្រកដេ3ទេនោះ គឺឈ្មួញមិនអាចដឹកជញ្ជូនធ្យូងចេញទៅស្រុកយួនទាំងថ្ងៃទាំងយប់យ៉ាងពេញបន្ទុកបានទេ។
តាមការបង្ហើបពីក្រុមឈ្មួញបានឲ្យដឹងថា ពួកគេបង់លុយតាមការកំណត់របស់មន្ត្រីជំនាញ សមត្ថកិច្ចពាក់ព័ន្ធ និងសមត្ថកិច្ចនៅច្រកព្រំដែន ទើបអាចដឹកជញ្ជូនធ្យូងចេញទៅស្រុកយួនតាមច្រកដេ3 ក្បែច្រកទ្វារអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ ដោយមិនប្រឈមនឹងការបង្ក្រាប។ ហេតុនេះ លោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងលោក ស្នងការនគរបាលខេត្តក្រចេះ មិនគួរមើលរំលងសកម្មភាពក្រុមឈ្មួញដឹកជញ្ជូនធ្យូងចេញទៅស្រុកយួនតាមច្រកដេ3 យ៉ាងគំហុកនោះទេ។ មជ្ឈដ្ឋាននានាបានសម្ដែងសេចក្ដីព្រួយបារម្ភថា ព្រៃឈើនៅសេសសល់ក្នុងខេត្តក្រចេះ ចៀសមិនផុតពីការរលាយសាបសូន្យនោះទេ ព្រោះបទល្មើសនាំចេញធ្យូងទៅស្រុកយួនតាមច្រកដេ3 តាមច្រកអូរតាលាវ និងច្រកផ្សេងទៀតកើតឡើង។