ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អរគុណក្រុមហ៊ុនសុខាអូតែល សាងសង់ព្រះពុទ្ធប្បដិមាដ៏ខ្ពស់ និងហេដ្ឋារចនាសម្ព័ន្ធលើខ្នងភ្នំបូកគោកាន់តែច្រើន ទាំងសំណង់បែបព្រះពុទ្ធសាសនា

50

លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងពេលធ្វើជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ព្រះពុទ្ធប្បដិមាដ៏ខ្ពស់ក្នុងរមណីយដ្ឋានបូកគោ នាខេត្តកំពត បានថ្លែងអំណរគុណដល់ក្រុមហ៊ុនសុខាអូតែល ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍតំបន់រមណីយដ្ឋានបូកគោ និងបានផ្ដួចផ្ដើមគំនិតសាងសង់ព្រះពុទ្ធបដិមានេះឡើង ដែលនឹងក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍ ព្រះពុទ្ធសាសនាដ៏ធំមួយនៅព្រះរាជាណាចក្រកម្ពុជា និងលើពិភពលោក។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍បើកការដ្ឋានសាងសង់ ព្រះពុទ្ធបដិមាកម្ពស់១០៨ ម៉ែត្រ នៅលើខ្នងភ្នំបូកគោនាពេលនេះ ធ្វើឡើងនាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ ស្ថិតក្នុង សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ដែលស្ថាបត្យកម្មសំណង់ព្រះពុទ្ធប្បដិមានេះ និងមាននីវ៉ូដីកម្ពស់ ៩៦២ម៉ែត្រ ពីផ្ទៃសមុទ្រ ក្នុងភូមិសាស្ត្រវាលស្រែប្រាំរយ នៃឧទ្យានជាតិព្រះមុនីវង្ស បូកគោ។ នេះ គឺជាសមិទ្ធផលថ្មីមួយទៀតនៅក្នុងខេត្តកំពត ក្នុងការរួមចំណែកលើកកម្ពស់ ការប្រតិបត្តិព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបង្កើតបាននូវសក្តានុពលទេសចរណ៍ថ្មីមួយទៀតផងដែរ។

លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពតមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យទូទាំងប្រទេស ក៏ដូចជា ក្នុងខេត្តកំពតមានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាច្រើនសម្រាប់បម្រើឲ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើង។

បើតាម លោកជំទាវឧកញ៉ា សុខ ចាន់ថា តំណាងក្រុមហ៊ុនសុខាអូតែល បានបង្ហាញថា ក្រុមហ៊ុន សុខា អូតែល បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ឱ្យធ្វើការវិនិយោគ និងអភិវឌ្ឍន៍នៅឧទ្យានជាតិព្រះមុនីវង្ស «បូកគោ»។

ចាប់តាំងពីដើមឆ្នាំ២០០៨មក ក្រុមហ៊ុនបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ពីជើងភ្នំរហូតដល់លើខ្នងភ្នំ មានផ្លូវគមនាគមន៍ ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ដែលជាតម្រូវការចាំបាច់ និងជាអាទិភាពបំផុតសម្រាប់ការអភិវឌ្ឍនៅលើភ្នំនេះ, ដូចជា សំណង់សណ្ឋាគារ រមណីយដ្ឋាន លំនៅឋាន និងអគារសេវាកម្មមួយចំនួន ព្រមទាំងរូបសំណាកពាក់ព័ន្ធទៅនឹងរចនាបទព្រះពុទ្ធសាសនា និងទេពារក្សផ្សេងៗក៏បានផុសរូបរាងឡើងជាបន្តបន្ទាប់ទៅតាមប្លង់គោល និងច្បាប់អនុញ្ញាតពីក្រសួងមានសមត្ថកិច្ចយកពន្ធ ហើយក្រៅពីនេះ ក្រុមហ៊ុនក៏បានបង្កើតឱ្យមានកសិដ្ឋានដាំបន្លែ ផ្លែឈើ និងសត្វចិញ្ចឹមយ៉ាងគាប់ប្រសើរ។

បច្ចុប្បន្ន ក្រុមហ៊ុនបាននិងកំពុងយកចិត្តទុកដាក់ បន្តការរៀបចំប្លង់គោលចក្ខុវិស័យ សម្រាប់ការអនុវត្តក្នុងបរិវេណផ្ទៃដីជាង ៨១.០០០ ហិកតា ដែលរាជរដ្ឋាភិបាលបានផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនធ្វើការវិនិយោគ និងអភិវឌ្ឍ ធ្វើយ៉ាងណាឲ្យរឹងរឹតតែសំបូរបែបថែមទៀត៕