ខេត្តបន្ទាយមានជ័យ ៖ អភិបាលស្រុកព្រះនេត្រព្រះលោក ឃូ ពៅ និង មេឃុំប្រាសាទលោក មាស ហ៉ឹក ត្រូវបានអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យអញ្ជើញឱ្យចូលបំភ្លឺពាក់ព័ន្ធនិងករណីឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹកតំបន់៣ បឹងទន្លេសាបស្ថិតក្នុងភូមិសាស្ត្រឃុំប្រាសាទនិងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
យោងតាមលិខិតអញ្ជើញរបស់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យចុះថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២២បានឱ្យដឹងថា លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះត្រូវបានអញ្ជើញឱ្យចូលខ្លួនបំភ្លឺនៅម៉ោង២រសៀលថ្ងៃទី២១ខែមីនាឆ្នាំ២០២២និងលិខិតអញ្ជើញចុះថ្ងៃទី៩ខែកុម្ភៈដូចគ្នាតម្រូវឱ្យលោក មាស ហ៉ឹក មេឃុំប្រាសាទចូលខ្លួនបំភ្លឺនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២វេលាម៉ោង២រសៀល។
ការកោះអញ្ជើញនេះដែរធ្វើឡើងក្រោយពីសម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធនិងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹកនិងវាទទីយកដីនៅតាមបឹងទន្លេសាប។
បទបញ្ជានេះធ្វើឡើងបន្ទាប់ពីរាជបណ្ឌិតសភាកម្ពុជារកឃើញអំពីបញ្ហាកាប់ឈើនិងទន្ទ្រានយកដីព្រៃលិចទឹកយ៉ាងអនាធិបតេយ្យ គួរឱ្យព្រួយបារម្ភជាពិសេសខេត្តបន្ទាយមានជ័យនិងត្រូវមានការដោះស្រាយជាបន្ទាន់ផងដែរ។
សូមបញ្ជាក់ផងដែរថានៅក្នុងខេត្តបន្ទាយមានជ័យដីដែលមានការពាក់ពន្ធ័និងការឈូសឆាយ ទន្ទ្រានយកពីក្រុមជនខិលខូចមានចំនួនជាង១២០០០ហិកតា(មួយម៉ឺនពីរពាន់ហិកតា)លើពីរស្រុកគឺស្រុកព្រះនេត្រព្រះនិងស្រុកមង្គលបូរី
ជុំវិញការអនុវត្តនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានេះដែរ គេនៅចាំមើលថា តើបុគ្គលពាក់ព័ន្ធណាខ្លះដែលត្រូវបានកោះហៅនិងអញ្ជើញឱ្យចូលខ្លួនបំភ្លឺ និងចាប់ខ្លួនមកអនុវត្តច្បាប់ ៕