បើតាមរបាយការណ៍របស់សហព័ន្ធស្រូវ-អង្ករបានឱ្យដឹងថា ស្រូវ-អង្ករកម្ពុជាកំពុងតែមានទីផ្សារនៅក្រៅប្រទេស ព្រោះថា រយៈពេលពេញមួយឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិបានចំនួន ៦៣៧ ០០៤តោន និងនាំចេញស្រូវបានចំនួន ៣ ៤៦៧ ៨៨៦តោន ដែលគិតជាទឹកប្រាក់ប៉ាន់ស្មានបានចំនួនជាង ១ ២៥៥លានដុល្លារសហរដ្ឋអាមេរិក។
របាយការណ៍ស្ថាប័នដដែលមួយនេះបញ្ជាក់ឱ្យដឹងទៀតថា ក្រុមហ៊ុនកម្ពុជាដែលនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ មានចំនួន ៦១ក្រុមហ៊ុន, ឆ្ពោះទៅ ៥៩ ប្រទេស ដែលក្នុងនោះ ប្រទេសចិនរួមទាំងតំបន់ស្វយ័តហុងកុង ម៉ាកាវ បានចំនួន ២៨៨ ៨៣០តោន ឬស្មើនឹង ៤៥%, ប្រទេសនៅទ្វីបអឺរ៉ុបចំនួន ២៥ បានបរិមាណ ២២១ ៥០៤ តោន ឬស្មើនឹង ៣៥%, ប្រទេសសមាជិកអាស៊ានចំនួន៤ បានបរិមាណ ៦៤ ៧៣៣តោន ឬស្មើនឹង ១០% , និងបណ្តាគោលដៅផ្សេងៗ នៅអាហ្វ្រិក អាមេរិក អូស្ត្រាលី រុស្សី អ៊ុយក្រែន ។ល។ មានចំនួន ២៧ ប្រទេស និងដែនកោះបានបរិមាណសរុបចំនួន ៦១ ៩៣៧ តោន ឬស្មើនឹង ១០% នៃការនាំចេញសរុបចំនួន ៦៣៧ ០០៤តោន ដែលមានតម្លៃសរុបចំនួន ៤១៨.២៩ លានដុល្លារសហរដ្ឋអាមេរិក។
ការនាំចេញអង្ករក្រអូបប្រណីត បានចំនួន ២៧៧ ៧៣៩ តោន ឬស្មើនឹង ៤៤% , អង្ករសែនក្រអូប បានចំនួន ១៧៩ ០៧០ តោន ឬស្មើនឹង ២៨% , អង្ករសបានចំនួន ១៥៣ ៤២៨ តោន ឬស្មើនឹង ២៤% , អង្ករចំហុយបានចំនួន ១៥ ៧៨១ តោន ឬស្មើនឹង ២% , អង្ករសរីរាង្គបានចំនួន ១០ ៩៦៣ តោន ឬជិត ២% និងអង្ករដំណើបចំនួន ២៣តោន។
បើនិយាយពីការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាម ដែលជាប្រទេសជិតខាងវិញ បានចំនួន ៣ ៤៧៧ ៨៨៦តោន ដែលគិតជាទឹកប្រាក់ចំនួនប្រមាណជា ៨៤១.០៩លានដុល្លារសហរដ្ឋអាមេរិក, ទាំងនេះបង្ហាញថា ស្រូវ-អង្ករកម្ពុជានៅតែមានគុណភាពសម្រាប់ទីផ្សារអន្តរជាតិ៕