បុរសជាខ្មាន់កាំភ្លើងម្នាក់ក្នុងចំណោមពីរនាក់ ខឹងប្រើក្មេងទៅទិញគ្រឿងញៀនមិនបាន ក៏វាយទាត់ធាក់ទៅលើក្មេងប្រុសម្នាក់នោះ រួចហើយដកកាំភ្លើងបាញ់២គ្រាប់ បណ្តាលឲ្យផ្លាតគ្រាប់ទៅត្រូវក្មេងៗ និងក្មេងជំទង់៦នាក់ រងរបួសធ្ងន់-ស្រាល បង្កឲ្យមានការភ្ញាក់ផ្អើល ដែលហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ៩យប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០៣៣ ស្ថិតក្នុងភូមិអណ្តូង៣ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ក្មេងៗ និងក្មេងជំទង់រងគ្រោះទាំង៦នាក់នោះរួមមានឈ្មោះ ១ -ចៅ ម៉េង ហេង អាយុ១៨ឆ្នាំ (ប្រុស), ២- ថុល គឹម លី អាយុ១៥ឆ្នាំ (ប្រុស), ៣- សុខ ទិត្យ អាយុ១៨ ឆ្នាំ (ប្រុស), ៤-ឡេង ចាន្នី អាយុ១ឆ្នាំ (ស្រី), ៥- ធី មួយស៊ីង អាយុ១១ឆ្នាំ, ៦- ឡេង រតនៈ អាយុ៧ឆ្នាំ។
យោងតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុបាន ឲ្យដឹងថា ដំបូងឡើយបុរសជាខ្មាន់កាំភ្លើងម្នាក់ រួមនឹងបក្ខពួកម្នាក់ទៀត ដែលគេមិនស្គាល់អត្តសញ្ញាណ បានដើចូលមកក្នុងភូមិ រួចក៏បានហៅក្មេងប្រុសរងគ្រោះម្នាក់ក្នុងចំណោមគ្នាច្រើន ឲ្យទៅទិញគ្រឿងញៀនមកឲ្យខ្លួន តែដោយក្មេងប្រុសរូបនោះ បានប្រកែកមិនព្រមទៅ បន្ទាប់មកជនដៃដល់ក៏បាន វាយទៅលើក្មេងប្រុសហើយត្រូវក្មេងប្រុសរូបនោះ វាយដៃវិញ ធ្វើឲ្យផ្អើលអ្នកក្នុងភូមិចូលមកជួយ រួចបុរសជាខ្មាន់កាំភ្លើង បានដកកាំភ្លើងចេញពីរចង្កេះបាញ់សំដៅក្មេងប្រុសរងគ្រោះចំនួន ០២គ្រាប់ ចំជើង និងផ្លាតគ្រាប់ទៅត្រូវមនុស្សប្រុសស្រីចំនួន ៥នាក់បន្ថែមទៀត បណ្តាលឲ្យរងរបួសធ្ងន់ និងស្រាល។ ភ្លាមនោះ ពលរដ្ឋជិតខាងបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានចុះមកជួយអន្តរាគមន៍ភ្លាមៗ។
បន្ទាប់ពីទទួលបានបណ្ដឹងរាយការណ៍ផ្ទាល់មាត់ សមត្ថកិច្ចចម្រុះបានចុះដល់ទីតាំងកើតហេតុខាងលើ និងបានឃាត់ខ្លួនជនដៃដល់ជាខ្មាន់កាំភ្លើង និងបក្ខពួក សរុប២នាក់ យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គោករកា។
ប៉ុន្តែអ្វីដែលជាការធ្វសប្រហែសរបស់សមត្ថកិច្ចនោះគឺ ខណៈពេលយកក្រុមជនខ្មាន់កាំភ្លើងទៅដល់មុខប៉ុស្តិ៍ប៉ូលិស ស្រាប់តែបក្ខពួកម្នាក់ បានរត់រួចខ្លួនបាត់ នៅម្នាក់ជាខ្មាន់កាំភ្លើង ហើយសមត្ថកិច្ចក៏បាននាំយកចូលទៅក្នុងប៉ុស្តិ៍ ដើម្បីសាកសួរបន្ត និងចាត់ការទៅតាមច្បាប់៕