ភ្នំពេញ៖ ស្ត្រីទី១កម្ពុជា និងជាប្រធានកាកបាទក្រហម សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានរំជួលចិត្តស្រក់ទឹកភ្នែកពេលដែលស្ដាប់របាយការណ៍ និងសំណូមពររបស់ប្រធានអង្គការអាហ្វេស៊ីបទាក់ទងនឹងកុមារីដែលត្រូវបានរងគ្រោះដោយការរំលោភបំពាន។
សម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទោះបីជាខំទប់ទឹកភ្នែកយ៉ាងណាក៏មិនអាចទប់ជាប់នោះទេពេលដែលប្រធានអង្គការ អេហ្វេស៊ីប លើកឡើងពីកុមារីដែលត្រូវតតាំងក្តីនៅតាមផ្លូវតុលាការប្រឆាំងនឹងជនល្មើសរំលោភបំពានផ្លូវភេទ។
ភាពអាណិតអាសូររបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតនេះគឺក្នុងពេលដែលសម្ដេចបានអមដំណើរនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ចុះសួរសុខទុក្ខដល់កុមារី និងសម្ពោធអាគារមួយខ្នងកម្ពស់៣ជាន់ ដែលជាអំណោយរបស់សម្ដេចទាំងពីរដល់អង្គការមួយនេះ ព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៣៕