លោក ឯល រ៉ាហ្វើត ប្រធានចលនាខ្មែរឥស្លាមរបស់គណបក្សភ្លើងទៀន នៅថ្ងៃទី០២ ខែមករា បានប្រកាសផ្តាច់ខ្លួនចេញពីគណបក្សភ្លើងទៀន ដោយសារតែគណបក្សគិតតែពីប្រឆាំង បង្កចលាចល និងគិតចង់តែបំផ្លាញជាតិ មិនជួយអ្វីក្នុងការអភិវឌ្ឍប្រទេសជាតិឡើយ។
លោក ឯល រ៉ាហ្វើត បានបញ្ជាក់ថា លោកបានរួមរស់ជាមួយគណបក្សប្រឆាំងរយៈពេលជាង ២០ឆ្នាំមកហើយ ចាប់តាំងពីគណបក្សជាតិខ្មែរ គណបក្សសង្គ្រោះជាតិ រហូតដល់គញណបក្សភ្លើងទៀន។ លោកបានសុំទោសចំពោះថ្នាក់ដឹកនាំរបស់គណបក្សភ្លើងទៀន ដោយបញ្ជាក់ថា ការចាកចេញនេះ មិនមែនលោកអន់ចិត្តអ្វីទេ តែដោយសារបណ្តាំម្តាយរបស់លោកមុនចែកឋាន ថាមានតែគណបក្សប្រជាជនទេដែលជាអ្នកជួយម្តាយរបស់លោក។
ប្រធានចលនាខ្មែរឥស្លាមដែលមានសញ្ជាតិខ្មែរ-អាមេរិករូបនេះ ក៏បានបានស្នើសុំរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីថ្ងៃប្រកាសនេះផងដែរ។
លោក ឯល រ៉ាហ្វើត អះអាងថា លោកចង់ជួយ លោកហ៊ុន ម៉ាណែត ដែលជាមេដឹកនាំជំនាន់ក្រោយ ដែលជាទំពាំងស្នងឫស្សីបានយ៉ាងពិតប្រាកដ។ លោកបានប្រកាសគាំទ្រ លោកហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីនាថ្ងៃអនាគតផងដែរ៕