បន្ទាប់ពីខកខានរយៈពេល២ឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ១៩ រដ្ឋាភិបាលនឹងរៀបចំពិធីជួបជុំរវាងសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ជាមួយអ្នកសារព័ត៌មាន លើកទី៥នៅថ្ងៃទី១៤ ខែមករា ខាងមុខនេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ដែលនឹងមានអ្នកសារព័ត៌មានចូលរួមជាង៤ពាន់នាក់។
លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា ការរៀបចំឱ្យមានកិច្ចជំនួបរវាងប្រមុខរដ្ឋាភិបាល និងអ្នកសារព័ត៌មានឡើងវិញនេះ បង្ហាញឱ្យឃើញពីការគិតគូរ និងជាការបង្កើនទំនាក់ ទំនងរវាង អ្នកសារព័ត៌មាន និងអ្នកនាំពាក្យមកពីគ្រប់ក្រសួងស្ថាប័ន អភិបាលរាជធានី/ខេត្ត និងអ្នកនាំពាក្យតាមមន្ទីររាជធានី ខេត្ដ ដែលអាចធ្វើការផ្ទៀងផ្ទាត់ ឬពិភាក្សាពាក់ព័ន្ធនឹងវិស័យព័ត៌មាន ដើម្បីធ្វើឱ្យព័ត៌មានកាន់តែមានភាពសុក្រឹត្យ ព័ត៌មានពិត និងជាព័ត៌មានផ្ដល់ប្រយោជន៍ដល់សង្គម។
បើតាមការបញ្ជាក់ពី អគ្គនាយិការង នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកសារព័ត៌មាន ចូលរួមទាំងជាង៤ពាន់នាក់ រួមមាន អង្គការ សមាគម ចំនួន ១៣ អង្គភាព, ទីភ្នាក់ងារបរទេស និងការិយាល័យតំណាង ចំនួន ០១ អង្គភាព ស្មើនឹង ២ រូប , គេហទំព័រ និង TV ONLINE ចំនួន ៣២៨ អង្គភាព, កាសែត ទស្សនាវដ្ដី ចំនួន ៥៤ អង្គភាព, វិទ្យុ និងទូរទស្សន៍៖ វិទ្យុ ១៧ ស្ថានីយ ទូរទស្សន៍ ១៥ ស្ថានីយ, អ្នកនាំពាក្យ និងថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន ចំនួន ៦៣ រូប ។ ជាមួយនេះក៏មានការចុះឈ្មោះចូលរួមពីមន្ត្រីផ្នែកព័ត៌មាន រដ្ឋបាលខណ្ឌនៃរដ្ឋបាលរាជធានីភ្នំពេញ , ក្រុមការងារគេហទំព័រគណ បក្សប្រជាជនកម្ពុជា , ក្រុមការងារព័ត៌មានយុវជននៅសហរដ្ឋអាមេរិក , នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ គជប។ ជាមួយនេះក៏មាន និស្សិត DMC ,ក្រុម ហ្វេសប៊ុក ព្រំ សាន , សម្ព័ន្ធយុវជនស្ម័គ្រចិត្ត , សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព , ថ្នាក់ដឹកនាំ និងអគ្គនាយកដ្ឋានទាំង ៥ ចំណុះក្រសួងព័ត៌មាន៕