សារព័ត៌មាន The Eurasia Times បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី១ ខែមករា ឆ្នាំ២០២៣ ថា ក្រសួងការពារជាតិរុស្ស៊ី បានះអាងថា កម្លាំងទាហានអាកាសរបស់ក្រុងមូស្គូ បានប្រើប្រាស់យន្ដហោះមួយគ្រឿង ប្រភេទ Su-35S (ស៊ូ-35S) បាញ់ទម្លាក់យន្ដហោះចម្បាំង និង ឧទ្ធម្ភាគចក្ររបស់អ៊ុយក្រែន សរុប៣គ្រឿង រួមមាន យន្ដហោះចម្បាំង ប្រភេទ MiG-29 (មីគ-២៩) ចំនួន១គ្រឿង និង ឧទ្ធម្ភាគចក្រ ប្រភេទ Mi-8 ចំនួន២គ្រឿង។ ចំណែកការវាយប្រហារទៅលើកម្លាំងសត្រូវនេះ បានធ្វើឡើង កាលពីថ្ងៃទី២៩ និង ៣០ ខែធ្នូ នៅលើតំបន់ដូណែតស្ក៍ (Donetsk) នាភាគខាងកើត ប្រទេសអ៊ុយក្រែន។
ស្របពេលឆ្នាំចាស់ ទើបនឹងផ្លាស់ចូលមកដល់ឆ្នាំថ្មីនេះ កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន បានអះអះអាង អំពីការវាយប្រហារកម្ទេចទីតាំងឈរជើងរបស់កម្លាំងទាហានរុស្ស៊ី ខណៈក្រុងមូស្គូ បានអះអាង អំពីការបាញ់ទម្លាក់យន្ដហោះចម្បាំងរបស់ក្រុងកៀវ។
សារព័ត៌មាន Ukrinform បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី១ ខែមករា ថា កងទ័ពអាកាសរបស់អ៊ុយក្រែន បានវាយប្រហារ ទៅលើទីតំាំងឈរជើងរបស់ទាហានរុស្ស៊ី ចំនួន១៣កន្លែង ហើយកងមីស៊ីល និង កាំភ្លើងធំ បានវាយចំគោលដៅ ដែលជាកន្លែងប្រមូលផ្តុំកម្លាំងទាហាន និង ឧបករណ៍យោធារបស់សត្រូវ ចំនួន២កន្លែង។
អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបញ្ជាក់ នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួន ហើយបានបង្ហោះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃអាទិត្យ ទី១ ខែមករា ថា កម្លាំងទាហានរុស្ស៊ី កាលពីថ្ងៃដដែលនេះ បានវាយប្រហារតាមអាកាស ចំនួន៣៥លើក។
ស្របគ្នានោះ កម្លាំងសត្រូវ បានប្រើប្រាស់ដ្រូនសាហ៊ីត-136 (Shahed-136) ផលិតនៅក្នុងប្រទេសអ៊ីរ៉ង់ ហើយដ្រូនទាំងនោះក៏ត្រូវបានកងទ័ពអ៊ុយក្រែន បាញ់ទម្លាក់អស់ផងដែរ។ ប៉ុន្ដែកាលពី១ថ្ងៃមុននេះ កងទ័ពរុស្ស៊ី បានវាយប្រហារ ចំនួន១៦លើក ដោយប្រើប្រាស់ប្រព័ន្ធកាំភ្លើង MLRS ដោយរួមទាំងការវាយប្រហារទៅលើមន្ទីរពេទ្យរបស់កុមារមួយកន្លែង នៅក្នុងទីក្រងខឺរសុន (Kherson)៕