ទីភ្នាក់ងារសារព័ត៌មាន AFP បានចុះផ្សាយ កាលពីថ្ងៃអាទិត្យ ទី០១ ខែមករា ឆ្នាំ២០២៣ កងទ័ពអាកាសអ៊ុយក្រែន បាននិយាយថា ប្រព័ន្ធការពារដែនអាកាស បានបំផ្លាញយន្តហោះគ្មានមនុស្សបើក Shahed ចំនួន ៤៥គ្រឿង ក្នុងនោះ ១៣គ្រឿង ត្រូវបានបាញ់ទម្លាក់នៅចុងឆ្នាំ២០២២ និង៣២គ្រឿងទៀត នៅក្នុងឆ្នាំថ្មីនេះ។
កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍នេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ របស់កងទ័ពអាកាសអ៊ុយក្រែន បានឲ្យដឹងថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្ស បើករបស់រុស្ស៊ីចំនួន ៤៥គ្រឿង ពេញមួយយប់កន្លងទៅ ខណៈដែលប្រទេសនានាទទួលស្វាគមន៍ឆ្នាំសកល។
ដោយឡែក នៅក្នុងការវាយប្រហារនៅថ្ងៃចូលឆ្នាំសកល ទីក្រុងមូស្គូបានវាយប្រហារទីក្រុងកៀវ និងទីក្រុងផ្សេងទៀត របស់អ៊ុយក្រែន ដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកដែលផលិតដោយអ៊ីរ៉ង់។
គួរបញ្ជាក់ថា ការវាយប្រហារនេះបានកើតឡើង នៅពេលដែលការឈ្លានពានរបស់ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន ទៅលើអ៊ុយក្រែនបានឈានចូលដល់ខែទី១១ ហើយ។
បន្ទាប់ពីការបរាជ័យផ្នែកយោធាជាបន្តបន្ទាប់ រុស្ស៊ីបានចាប់ផ្តើមកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធ របស់អ៊ុយក្រែនក្នុងខែតុលា ដោយធ្វើឱ្យមនុស្សរាប់លាននាក់ស្ថិតក្នុងភាពត្រជាក់ និងងងឹត៕