សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ២០២២នេះ បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថ្មី អន្តរក្រសួងបានកំណត់ឱ្យអ្នកបើកបរយានយន្ត ទាំងអស់ ជាពិសេសគឺអ្នកបើករថយន្តធំៗត្រូវតែធ្វើតេស្តរកសារធាតុញៀន ជាកាតព្វកិច្ច ដោយមិនអាចអត់បាននោះឡើយ។
ការបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង ខណៈសេចក្តីព្រាងច្បាប់ ស្តីពីចរា ចរណ៍ផ្លូវគោកថ្មីនេះ នឹងត្រូវបញ្ជូនទៅគណៈរដ្ឋមន្ត្រីពិភាក្សា និងអនុម័តនៅបំណាច់ ឆ្នាំ២០២២នេះ។សេចក្ដីព្រាងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ថ្មីនេះ មានភាពគ្រប់ជ្រុងជ្រោយជាងច្បាប់ចាស់ ហើយមន្រ្តីអន្តរក្រសួង ជាពិសេស ក្រសួង មហាផ្ទៃ និងក្រសួងសាធារណការ ក៏បានឯកគ្នាទាំងស្រុងផងដែរ ដើម្បីបញ្ជូនទៅស្ថាប័ន រដ្ឋសភា នាដើមឆ្នាំ ២០២៣ខាងមុខនេះ។
ជាមួយគ្នានោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បញ្ជាក់ថា ក្នុងច្បាប់ចរាចរណ៍ ផ្លូវគោកថ្មីនេះ ត្រូវអន្តរក្រសួងឯកភាពសម្រេចឱ្យអ្នកបើកបរបរយានយន្តទាំងអស់មិនត្រូវ ស្ថិតនៅក្រោមស្ថានភាពស្រវឹង មានសារធាតុញៀន និងសារធាតុផ្សេងៗទៀត។ពិសេសអ្នកបើកបរយានយន្តធំៗទាំងអស់ ត្រូវធ្វើតេស្តគ្រឿងញៀន ហើយលក្ខខណ្ឌនៃការធ្វើតេស្តគ្រឿងញៀនដែលជាកាតព្វកិច្ច នឹងកំណត់ដោយប្រកាស អន្តរក្រសួង របស់ក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ ព្រមទាំងមានការចូលរួមជាមួយ គណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ជាមួយគ្នានោះដែរ សម្ដេចបានគូសថា ចំណុចនេះមិនមែនចង់បញ្ជាក់ថាអ្នកបើកបរ យានយន្តត្រូវតែទៅធ្វើតេស្តរកសារធាតុញៀនទាំងអស់នោះទេ។ តែមុនដំបូងត្រូវចាប់ផ្តើមពី ចំណុចណាមុន គឺអ្នកបើកបរដែលដឹកជញ្ជូនធ្ងន់ៗ ឬអ្នកដែលបើកបរដឹកភ្ញៀវច្រើន ដូចជាដឹក អ្នកទេសចរជាដើម។ចំពោះអ្នកបើកបរទូទៅនឹងត្រូវធ្វើជាបន្ត បន្ទាប់ និងគិតធ្វើតាមស្ថានភាពជាក់ស្តែងផងដែរ។ ទាក់ទិននឹងអ្នកបើកបរល្មើសច្បាប់ថ្មីនេះ ត្រូវសម្តេចក្រឡាហោម ស ខេង បានលើកឡើងថា នឹងមិនទាន់និយាយជាក់លាក់នោះទេ ប៉ុន្តែមានចំណុចថា នៅពេលអ្នកបើកបរ ត្រូវបានរកឃើញសារធាតុញៀន គឺត្រូវដកប័ណ្ណ បើកបររហូតដល់ធ្វើតេស្តលើកក្រោយរកមិនឃើញសារធាតុញៀន ទើបអនុញ្ញាតឱ្យបើកបរ ឡើងវិញ។
គួរបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកថ្មីនេះ បានតាក់តែងឡើង ដោយកែសម្រួលខ្លឹមសារមាត្រាច្បាប់ចាស់ចំនួន ៤៨មាត្រា និងបន្ថែមមាត្រាថ្មីៗមួយចំនួន ទៀត ដើម្បីឱ្យស្របតាមការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលើការអភិវឌ្ឍ ផ្លូវថ្នល់ ដូចជា ការពង្រីកផ្លូវ ការកសាងផ្លូវល្បឿនលឿន និងចង់បង្កើនប្រសិទ្ធភាព កាត់បន្ថយអ្នកស្លាប់ និង របួសដោយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងទប់ស្កាត់ការបើកបរមានសារធាតុញៀន៕ប្រភពក្រសួងព័តមាន