សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យក្រសួងរៀបចំដែនដី ត្រូវចុះបញ្ជីប្លង់ដីជូនប្រជាពលរដ្ឋឱ្យចប់នៅក្នុងឆ្នាំ២០២៣

28

AKP ភ្នំពេញ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជំរុញឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ត្រូវខិតខំធ្វើការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឱ្យចប់នៅក្នុងឆ្នាំ២០២៣។ ការជំរុញរបស់សម្តេចតេជោនាយករដ្ឋមន្រ្ដីនេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ពេលនេះក្រសួងដែនដី បានចេញបណ្ណកម្មសិទ្ធិ ៦លាន៧សែនបណ្ណ ស្មើនឹង៩៦,២ភាគរយ នៃចំនួនក្បាលដី ក្នុងចំណោម ប៉ាន់ស្មានចំនួនជាង៧លានក្បាលដី និងខិតខំដោះស្រាយឱ្យបាន១០០ភាគរយ។ សម្តេចតេជោបានគូសបញ្ជាក់ថា៖ «ខ្ញុំទទូចឱ្យក្រសួងខិតខំធ្វើការចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋឱ្យបាន១០០ភាគរយ នៅក្នុងឆ្នាំ២០២២៣។ ចំណុចសេសសល់វានៅមិនច្រើនទេ វានៅតិច ប៉ុន្តែនៅ កន្លែង ខ្លះវាហាក់ដូចជាពន្យាររឿងចុះបញ្ជី ឬធ្វើកម្មសិទ្ធិជាលក្ខខណៈប្រព័ន្ធក្តី ដាច់ដោយដុំក្តីនៅ ទ្រឹង។ ធ្វើដែរ ប៉ុន្តែធ្វើឱ្យមិនមានការជំរុញគឺមិនមានសន្ទុះ ដែលធ្វើឱ្យប្រជាជនរង់ចាំរឿងនេះ»។

ជាមួយគ្នានោះដែរសម្តេចតេជោបានលើកឡើងថា ពាក់ព័ន្ធនឹងការចុះបញ្ជី ដីធ្លីនេះ ក៏មានប្រជាពលរដ្ឋមួយចំនួនបានស្នើសុំទៅកាន់សម្តេចផ្ទាល់តាមរយៈការខុមិនលើហ្វេសប៊ុក និងបានផ្ញើសារតាមសារផ្ទាល់ផងដែរ។ សម្តេចតេជោថ្លែងបញ្ជាក់ថា៖«ប្រជាជនខ្លះខុមិនតាមហ្វេសប៊ក និងខ្លះផ្ញើតាម Messenger ក៏មាន។ អីចឹងទេ ខ្ញុំស្នើឱ្យឯកឧត្តម ជា សុផារ៉ា បញ្ជាទៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅតាមបណ្តាខេត្ត ហើយកិច្ចការងារនេះអស់លោក ឯកឧត្តម អភិបាលខេត្ត ត្រូវយកចិត្តទុកដាក់រឿង នេះព្រោះរឿងនេះជារឿងចាំបាច់សម្រាប់ប្រជាពលរដ្ឋរបស់យើង»។

សម្តេចតេជោបានសង្កត់ធ្ងន់ថា ការផ្តល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋគឺជាការផ្តល់សុវត្ថិភាពនៃការកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីចៀសវាងការកើតឡើងនូវវិវាទដីធ្លី និងបញ្ហានានាបន្តទៀត។ សម្ដេចតេជោក៏បានអះអាងទៀតថា សម្តេចមិនប្រើយុទ្ធនាការ បែបគោលនយោបាយចាស់សកម្មភាពថ្មី លើវិស័យដីធ្លីដូចឆ្នាំ២០១២នោះទេ។ ក៏ប៉ុន្តែសូមអស់លោកយកចិត្តទុកដាក់ ពិសេសអភិបាលខេត្តត្រូវយកចិត្តទុកដាក់ ប្រធានគណៈកម្មការដីធ្លីថ្នាក់ខេត្ត មើលបញ្ហានេះឱ្យបានល្អទាំងដីរដ្ឋ ដីសហគមន៍ ក៏ត្រូវមើល និងប្រជាជនដែលមិនទាន់ចុះបញ្ជីត្រូវធ្វើ ដោយចាត់ទុកថាជាសេវាចាំបាច់ ឬសេវាតម្រូវការតែម្តង ។

សម្តេចតេជោនាយករដ្ឋមន្រ្ដីបានក៏បានគូសបញ្ជាក់បន្ថែមថា បើសិនមិនជំរុញទេ ការងារចុះបញ្ជីដីធ្លីនេះនៅតែធ្វើយឹតនៅហ្នឹងឯង៕ប្រភព÷AKP ក្រសួងព័ត៏មាន ដោយ៖ ប៊ុនរិទ្ធ សម្រួលផ្សាយដោយ៖ ធូ កុសល