សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ

26

ប្រទេស​កូរ៉េ ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ​ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមបាន គីមូន (Ban Ki-moon) អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជាសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២។

នៅក្នុងកិច្ចពិភាក្សាលក្ខណៈទ្វេភាគីនេះ សម្ដេចតេជោបានសម្តែងនូវក្តីរីករាយដែលបានជួប ឯកឧត្តម បាន គីមូន សារជាថ្មីម្ដងទៀត ក្រោយពីឯកឧត្តមបានចប់តួនាទីជាអគ្គលេខាធិកាអង្គការសហប្រជាជាតិ។

ក្នុងជំនួបនេះ ឯកឧត្តម Ban Ki-moon បានមានប្រសាសន៍ថា  ឯកឧត្តមសង្ឃឹមថា សម្ដេចនឹងមានជំនួបល្អប្រសើរជាមួយនឹងឯកឧត្តមប្រធានាធិបតី Moon Jae-In នៅថ្ងៃរសៀលនេះ ជាពិសេស ឯកឧត្តមសង្ឃឹមថាទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកូរ៉េ នឹងមានភាពល្អប្រសើរ និងរីកចម្រើន និងទំនាក់ទំនងកាន់តែល្អប្រសើរបន្ថែមទៀតរវាងកូរ៉េ និងអាស៊ាន។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណចំពោះការលើកឡើងរបស់ឯកឧត្តម បាន គីមូន និងពិតជារីករាយដែលបានធ្វើជាសហប្រធាន ជាមួយ ឯកឧត្តម នៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ នេះ។

សម្ដេចតេជោបានមានប្រសាសន៍ថាអង្គការ UPF ពិតជាបានធ្វើការងារនេះដ៏ល្អ និងសំខាន់ ដែលជាយន្តការមួយសម្រាប់ការស្វែងរកសន្តិភាពនៅឧបទ្វីបកូរ៉េ។

សម្ដេចតេជោក៏បានមានប្រសាសន៍ទៀតថា អង្គការ UPF បានយកចិត្តទុកដាក់ ក្នុងការប្រមូលយកថ្នាក់ដឹកនាំពិភពលោក បច្ចុប្បន្ន និងអតីតមេដឹកនាំ មកជួបជុំនាពេលនេះគឺជារឿងដែលប្រសើរបំផុត ។

សម្ដេចតេជោ បានមានប្រសាសន៍ទៀតថា យើងគួរតែបន្តធ្វើការរួមគ្នាដើម្បីគាំទ្រ ក្នុងការពង្រឹងសកម្មភាពរបស់អង្គការ UPF នេះ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្វែងរកសន្តិភាពនេះ។

នៅក្នុងជំនួបនេះផងដែរ ឯកឧត្តម បាន គីមូន ក៏មានការផ្លាស់ប្ដូរមតិយោបល់ ក៏ដូចជាការរួមចំណែកក្នុងការស្វែងរកដំណោះស្រាយក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ ។

ឯកឧត្តមបានមានប្រសាសន៍ថា ឯកឧត្តមពិតជាមានការគាំទ្រ នូវតួនាទីដ៏សំខាន់សម្រាប់អាស៊ាន ជាពិសេសការឯកភាពរបស់អាស៊ាន ហើយឯកឧត្តមក៏បានគាំទ្រចំពោះសម្តេចតេជោជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ នេះ ។

ឯកឧត្តមបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសមីយ៉ាម៉ាកន្លងទៅនេះ គឺជារឿងដ៏សំខាន់ ក្នុងការស្វែងរកដំណោះស្រាយ បញ្ចប់ជម្លោះនៅប្រទេសមីយ៉ាន់ម៉ា  ជាពិសេស ឯកឧត្តមគាំទ្រចំពោះការបង្កើតឲ្យមានប្រេសិតពិសេសរបស់ប្រធានអាស៊ានក្នុងការរកដំណោះស្រាយនៅមីយ៉ាន់ម៉ានេះ៕