៣ ចំណុចសំខាន់​ ទាក់ទងនឹងការរកឃើញជំងឺមហារីក​ទាន់ពេល

95
ជំងឺ​មហារីក​មាន​ប្រមាណ​ជា​ ៩,៥​លាន​ករណី​នៅ​ទ្វីប​អាស៊ី​ ក្នុង​ឆ្នាំ​២០២០ នេះ​បើ​យោង​តាម​​របាយការណ៍​​​របស់​អង្គការ​សុខភាព​ពិភព​លោក​។ ក្នុង​ចំនួន​នេះ ជាង​ ៥​លាន​ករណី ជា​ជំងឺ​មហារីក​សុដន់​ មហារីក​មាត់​ស្បូន​ មហារីក​ពោះវៀន​ធំ និង​មហារីក​មាត់​ធ្មេញ​ ដែល​ត្រូវ​បាន​រក​ឃើញ​​ទាន់​ពេល​វេលា​ តាម​រយៈ​ការ​ថត​រក​ជំងឺ​មហារីក​​។​

​ពិត​ណាស់​ ទោះ​ជា​ជំងឺ​មហារីក​ជា​ជំងឺ​ដ៏​កាច​សាហាវ​​យ៉ាង​ណា​ក្ដី យើង​នៅ​តែ​អាច​សង្គ្រោះ​ជីវិត​បាន​ ប្រសិនបើ​យើង​ធ្វើ​រោគវិនិច្ឆ័យ​​នៅ​ដំណាក់​កាល​ដំបូង​​។​ កត្តា​នេះ​អាច​ផ្ដល់​ឱកាស​រស់​រាន​​លើស​ពី ​៥​ឆ្នាំ​ បើ​ប្រៀបធៀប​នឹង​អ្នក​ដែល​ធ្វើ​រោគវិនិច្ឆ័យ​នៅ​ដំណាក់កាល​ចុង​ក្រោយ​។

ការ​រក​ឃើញ​ជំងឺ​មហារីក​នៅ​ដំណាក់កាល​ដំបូង​

តាម​រយៈ​ការ​ពីនិត្យ​រក​ជំងឺ​មហារីក​​ យើង​អាច​បង្ការ​ជំងឺ​មហារីក​​ដោយ​​ការ​ធ្វើ​រោគវិនិច្ឆ័យ​ទាន់​ពេលវេលា។ ​ក្រុម​គ្រូពេទ្យ​អាច​រក​ឃើញ​កោសិកា​មិន​ប្រក្រតី​ក្នុង​រាងកាយ​ ដែល​មិន​បង្ហាញ​រោគសញ្ញា​នៃ​ជំងឺ​មហារីក។ ស្រប​ពេល​ជាមួយ​គ្នា យើង​ក៏​អាច​រក​ឃើញ​កោសិកា​មហារីក​មុន​ពេល​ដែល​វា​រាលដាល​ខ្លាំង ក៏​ដូចជា​ពិបាក​ក្នុង​ការ​ព្យាបាល​។

ទោះ​បី​ជា​យើង​មិន​មាន​អារម្មណ៍​​​ខុស​ប្រក្រតី​នៅ​ក្នុង​ខ្លួន​ក៏​ពិត​មែន​ ការ​ពិនិត្យ​សុខភាព​ជា​ប្រចាំ​មាន​សារសំខាន់​ណាស់​ ពីព្រោះ​អាច​ឲ្យ​យើង​​រក​ឃើញ​ជំងឺ​មហារីក​ទាន់​ពេលវេលា​ ​ជា​ពិសេស​នៅ​ពេល​ដែល​យើង​​ប្រឈម​នឹង​​កត្តា​ហានិភ័យដូច​ជា៖

  • ​​មាន​វ័យ​ចំណាស់​
  • មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​មហារីក​
  • ជក់​បារី​
  • ធាត់​ជ្រុល​
  • ផឹក​គ្រឿង​ស្រវឹង​
  • ​ប៉ះពាល់​នឹង​សារធាតុ​គីមី​ជាក់លាក់​
  • ​ប៉ះពាល់​នឹង​សារធាតុ​វិទ្យុ​សកម្ម​ រួម​ទាំង​​កាំរស្មី​UV​ពី​ព្រះអាទិត្យ​។

អត្ថប្រយោជន៍​នៃ​ការ​រក​ឃើញ​ជំងឺ​មហារីក​នៅ​ដំណាក់កាល​ដំបូងៗ​

​​​​​កាត់បន្ថយ​ថ្លៃ​ព្យាបាល​

ការ​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​មហារីក​ទាន់​ពេលវេលា​ អាច​កាត់​បន្ថយ​ថ្លៃ​ព្យាបាល​បាន​យ៉ាង​ច្រើន នេះ​បើ​យោងតាម​ប្រភព​ពី​អង្គការ​សុខភាព​ពិភព​លោក​។ កត្តា​នេះ​ជួយ​ឲ្យ​​ការ​ព្យាបាល​មាន​ប្រសិទ្ធភាព​កាន់​តែ​ខ្ពស់​ មិន​សូវ​ស្មុគស្មាញ​ច្រើន និង​ចំណាយ​ថវិកា​តិច​ទៀត​ផង​។

បង្កើន​ឱកាស​រស់

ការ​រក​ឃើញ​ជំងឺ​មហារីក​បាន​ឆាប់​រហ័ស អាច​ជួយ​ឲ្យ​ការ​ព្យាបាល​ទទួល​បាន​ការ​ជោគជ័យ​ខ្ពស់​។ ផ្ទុយ​ទៅ​វិញ ការ​ព្យាបាល​យឺតយ៉ាវ អាច​ធ្វើ​ឲ្យ​ឱកាស​រស់​របស់​អ្នក​ជំងឺ​កាន់​តែ​ទាប​ទៅ​ដែរ​​។

បង្កើន​គុណភាព​​ជីវិត​

ទន្ទឹម​នឹង​នេះ​ដែរ យើង​អាច​​ទទួល​បាន​ការ​ព្យាបាល​ជាមួយ​នឹង​ជំនឿ​ចិត្ត​ខ្ពស់​ ព្រម​ទាំង​មិន​សូវ​មាន​ភាព​តានតឹង​ច្រើន​​ ដែល​ធ្វើ​ឲ្យ​គុណភាព​នៅ​ក្នុង​​ការរស់នៅ​កាន់​តែ​ប្រសើរ​ បើ​ធៀប​នឹង​អ្នក​ដែល​ធ្វើ​រោគវិនិច្ឆ័យ​យឺត​យ៉ាវ​។