លោក លាង រឿនសុធី អភិបាលនៃគណៈអភិបាលក្រុងកំពត បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្ដីពី ការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារី

38

(ខេត្តកំពត) នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ  នៅសាលាក្រុងកំពតបានរៀបចំកិច្ចប្រជុំ ស្ដីពី ការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារី ។ ក្រោមអធិបតីភាពឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក លោក លាង  រឿនសុធី អភិបាលនៃគណៈអភិបាលក្រុងកំពត។

ឯកឧត្តម ហោ សារុន បានមានប្រសាសន៍ថា ការបើកនូវកិច្ចប្រជុំនេះក្នុងគោលបំណងជួយលើកកម្ពស់ការយល់ដឹង និងលើកទឹកចិត្តឲ្យមានការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ដើម្បីការពារសុខៈមាលភាពរបស់ប្រជាជន ភ្ញៀវទេសចរណ៍ ការពារ និងទប់ស្កាត់ការរងផលប៉ះពាលដោយផ្សែងបារី និងផលិតផលថ្នាំជក់ដែលបង្កឲ្យមានហានិភ័យដល់សុខភាពអ្នកនៅជុំវិញខ្លួននិងបរិស្ថាន និងកាត់បន្ថយផលប៉ះពាល់ដល់សុខភាពសេដ្ឋកិច្ចសង្គម បរិស្ថានដែលបណ្ដាលមកពីការផលិតផលថ្នាំជក់តាមរយៈការផ្សព្វផ្សាយ ឬជំរុញអនុវត្តច្បាប់ ស្ដីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់និងលិខិតបទដ្ឋានគតិយុតនានានិងសេចក្ដីណែនាំ ស្ដីពីបរិស្ថានគ្មានផ្សែងបារី ដែលម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ទូទាំងព្រះរាជាណាចក្រកម្ពុជា ជាពិសេសគឺជំរុញដល់ទីក្រុងកំពតជាទីក្រុងគ្មានផ្សែងបារី។

ឯកឧត្តម រដ្ឋលេខាធិការ ក៏បានលើកឡើងបន្តថា ការរក្សាបាននៅបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ ក៏ដូចជាការចូលរួមជាគុណតម្លៃបន្ថែមទៀតក្នុងការបង្កើតភាពប្រកួតប្រជែង និងភាពទាក់ទាញនៅក្នុងវិស័យទេសចរណ៍។ការចូលរួមអនុវត្តបរិស្ថានគ្មានផ្សែងបារីពីសំណាក់ផ្នែកពាក់ព័ន្ធទាំងអស់ ជាពិសេសមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ គឺជាចលនាមួយជួយគាំទ្រដល់និរន្តរភាពនៃការងើបឡើងវិញនៃវិស័យទេសចរណ៍ ក៏ដូចជាជួយលើកមុខលើមាត់ខេត្តកំពត ដែលជាប៉ូលទេសចរណ៍ដ៏ការទាក់ទាញប្រកបដោយភាពស្អាត ពណ៌បៃតង មានសុវត្ថិភាព ទាំងសុវត្ថិភាពសាធារណៈ និងសុវត្ថិភាពសុខភាពផងដែរ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំខេត្ត ស្រុក/ក្រុង ឃុំ/សង្កាត់ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ខេត្តកំពត ផ្នែកឯកជននៃវិស័យទេសចរណ៍អង្គការជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ ភ្ញៀវទេសចរណ៍ និងអន្តរជាតិ សូមចូលរួមអនុវត្តច្បាប់ ស្ដីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ដែលមានចែងនូវសេចក្ដីណែនាំរបស់ក្រសួងទេសចរណ៍ ស្ដីពី បរិស្ថានគ្មានផ្សែងបារី ដល់ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ទូទាំងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជោគជ័យ និងឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ផងដែរថា ការបើកកិច្ចប្រជុំក៏មានការចូលរួមពីរដ្ឋបាលក្រុងកំពត អាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាមន្ទីជំនាញ ព្រមទាំងកងកម្លាំងសមត្ថកិច្ចគ្រប់សមាភាពពាក់ព័ន្ធដើម្បីអនុវត្តក៏ដូចជាការជំរុញក្រុងកំពត ជាក្រុងទេសចរណ៍គ្មានផ្សែងបារី។

ហើយនៅថ្ងៃខាងមុខនេះក្រុមការងារបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍និងធ្វើការចុះវាយតម្លៃការអនុវត្តបរិស្ថានគ្មានផ្សែងបារីនៅតាមមូលដ្ឋានអាជីវកម្ម សេវាកម្មនានា ក្នុងក្រុងកំពត ដើម្បីរៀបចំបែបបទពេញលេញក្នុងការបញ្ចូលទីក្រុងកំពតជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី និងទទួលស្គាល់ពីសម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ផងដែរ។