ភ្នំពេញ៖ ក្រោយមានការស្នើសុំ និងសំណូមពររបស់ពលរដ្ឋ ដល់ក្រុមអាជីវករលក់ដូរគ្រឿងសមុទ្រនៅតំបន់ត្រឡោកបែក ដែលបានបង្ហូរទឹកកខ្វក់ពីកាកសំណល់គ្រឿងសមុទ្រលើដងផ្លូវសាធារណៈជះក្លិនស្អុយ បង្កប៉ះពាល់ដល់ពលរដ្ឋអ្នកធ្វើដំណើរតាមដងផ្លូវ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ អាជ្ញាធរខណ្ឌសែនសុខ បានចុះណែនាំដល់ក្រុមអាជីវករទាំងនោះឱ្យបញ្ឈប់សកម្មភាពចាក់ទឹកកខ្វក់តាមដងផ្លូវយ៉ាងដូច្នេះបន្ដទៀត។
លោក សាំង សុភៈវិចិត្រ អភិបាលរង នៃគណៈអភិបាលខណ្ឌសែនសុខ បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ និងសណ្ដាប់ធ្នាប់ខណ្ឌ ចុះរៀបចំសណ្ដាប់ធ្នាប់ ណែនាំ និងធ្វើការផាកពិន័យដល់អាជីវករលក់គ្រឿងសមុទ្រដែលបង្ហូរទឹកស្អុយមកលើចិញ្ចើម និងផ្លូវសាធារណៈ។ ទីតាំងលក់គ្រឿងសមុទ្រនេះ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥៩៨ តំបន់ត្រឡប់បែក ដែលតំបន់នេះ ជាប់ព្រំប្រទល់ជាមួយនឹងខណ្ឌទួលគោក និងខណ្ឌសែនសុខ ក៏ប៉ុន្តែទីតាំងលក់ស្ថិតនៅក្នុង ភូមិសេប៉សេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរ ពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តំបន់ត្រឡោកបែក លក់គ្រឿងសមុទ្រនេះបានលើកឡើងថា ក្រុមអាជីវករលក់ដូរគ្រឿងសមុទ្របានចាក់ទឹកកាកសំណល់និងទឹកកខ្វក់ពីគ្រឿងសមុទ្រមកលើដងផ្លូវសាធារណៈ បានបង្កក្លិន និងផលប៉ះពាល់ដល់ពលរដ្ឋអ្នកធ្វើដំណើរឆ្លងកាត់តំបន់នេះយ៉ាងខ្លាំង៕