ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២នេះ មានម៉ូតូធំតម្លៃខ្ទង់ម៉ឺនដុល្លារជាច្រើនគ្រឿងរបស់ក្រុមអ្នកនិយមស្រឡាញ់ម៉ូតូធំ ក្នុងនោះមានតារា Tik Tokល្បីៗ តារាចម្រៀង ត្រូវបាន នាយកដ្ឋានគយនិងរដ្ឋាកររាជធានីភ្នំពេញ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចុះបង្ក្រាបនៅចំណុចការាស់សាំងកាល់តិច តាមបណ្តោយផ្លូវជាតិលេខ៦អា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងគយនិងរដ្ឋាកររាជធានីភ្នំពេញ បានរកឃើញម៉ូតូជិត១០០គ្រឿងឯណោះ ដែលខ្លះមានស្លាកលេខ តែស្លាកលេខខ្លះក្លែងក្លាយ ខ្លះទៀតយកស្លាកលេខម៉ូតូផ្សេងយកមកដាក់ ហើយឆែកក្នុងប្រព័ន្ធអុីខាស់ស្ទឹមរបស់គយ ក៏ដូចជាApp របស់ក្រសួងសាធារណការនិងដឹកជញ្ជូន ដែលឱ្យមកខាងកម្លាំងគយរកឃើញខ្លះមានពន្ធ ខ្លះអត់ពន្ធ ឬម៉ូតូធំខ្លះអត់ទិន្នន័យក្នុងប្រព័ន្ធអេឡិចត្រូនិកគយតែម្តង ដែលមានន័យថាជាម៉ូតូគេចពន្ធឬអត់ពន្ធ ហើយម៉ូតូខ្លះទៀតមានស្លាកលេខ តែបង់ខុសឆ្នាំ ឧទាហរណ៍ដូចជាម៉ូតូខ្លះបង់ឆ្នាំ២០០៥ តែម៉ូតូរបស់គាត់គឺឆ្នាំ២០១៥ ខុស១០ឆ្នាំ ២០ឆ្នាំ ខ្លះគឺអត់ពន្ធ គេចពន្ធតែម្តង ខណៈដែលម្ចាស់ម៉ូតូធំខ្លះសារភាពដោយត្រង់ថា អត់មានពន្ធ ត្រូវបានមន្ត្រីជំនាញស្ទូចយកទៅទុកនៅ អគ្គនាយកដ្ឋានគយ ដើម្បីហៅម្ចាស់ម៉ូតូទាំងនេះមកធ្វើកំណត់ហេតុល្មើសច្បាប់គយ និងតម្រូវឱ្យបង់ពន្ធអាករតាមច្បាប់កំណត់ជាធរមាន ស្របពេលដែលម៉ូតូមានពន្ធត្រឹមត្រូវ គឺមន្ត្រីជំនាញអនុញ្ញាតឱ្យទៅអស់ហើយ ។ តែជាលទ្ធផលរបស់ក្រុមម៉ូតូធំទាំងនោះនៅកម្មវិធីខេត្តសៀមរាបត្រូវបានខកខាន ៕