ភ្នំពេញ ៖ បើយោងតាមការរៀបរាប់ពីជនរងគ្រោះប្រាប់ដល់សារព័ត៌មានក្នុងស្រុកត្រង់ពាក្យថា ជនរងគ្រោះ៣នាក់ត្រូវបានឃាត់ខ្លួន ខណៈដែលសន្ដិសុខបង្កហេតុមិនបានឃាត់ខ្លួន ក្នុងករណីសន្ដិសុខក្លិបរាត្រី X ZOOM នៅខណ្ឌពោធិ៍សែនជ័យព្រួតវាយភ្ញៀវមួយក្រុមបណ្ដាលឱ្យរងរបួស ។
នេះជាតម្រុយពិរុទ្ធភាពមួយ ដែលសមត្ថកិច្ចមន្ត្រីនគរបាលយុត្តិធម៌ មូលដ្ឋានត្រូវមានវិធានការ ស៊ើបអង្កេត ស្រាវជ្រាវ ឬធ្វើកំណត់ហេតុស្តាប់ចម្លើយ គ្រប់ភាគីពាក់ព័ន្ធ ប្រមូលភស្តុតាង ដើម្បីធ្វើការសំយោគបទល្មើស រកឱ្យឃើញការណ៍ពិត ផ្តល់យុត្តិធម៌ដល់គូភាគី ខណៈប្រទេសជាតិគ្រប់គ្រងដោយច្បាប់។
ការដកស្រង់សម្តីជនរងគ្រោះដោយសារព័ត៌មានក្នុងស្រុកបានបញ្ជាក់ថា មានករណីសន្តិសុខក្លិបរាត្រី XZOOM ប្រដាប់ដោយដែករលាស់បានព្រួតគ្នាវាយយុវជនមួយក្រុមជាភ្ញៀវចូលផឹកស៊ីដែលគិតលុយរួចត្រឹមត្រូវ បណ្ដាលឱ្យមានអ្នករងរបួសជាច្រើននាក់។ មិនតែប៉ុណ្ណោះ ក្រុមសន្តិសុខទាំងនោះបានចាប់ឃាត់យុវជន៣នាក់ដែលរងរបួសនោះអូសចូលក្នុងបរិវេណក្លិបបាត់ទៅ។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលឡើងននៅវេលាទៀបភ្លឺថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២នេះ នៅចំណុចមុខក្លិបរាត្រី XZOOM ស្ថិតនៅតាមមហាវិថីចោមចៅ (អតីតផ្លូវវេងស្រេង) ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពដដែលបានបន្តថា ជនរងគ្រោះម្នាក់បានឱ្យដឹងថា មុនពេលកើតហេតុ មិត្តភក្តិពួកគេជាច្រើនបាននាំគ្នាចូលទៅផឹកស៊ី និងរាំកម្សាន្តក្នុងក្លិបអ៉ិចហ្សូម X-ZOOM ខាងលើ។
ក្រោយពីផឹកស៊ីអស់ជាច្រើនម៉ោង មានក្រុមក្មេងស្ទាវម្ខាងទៀតបានមើលមុខក្រុមពួកគេ ហើយក្រុមពួកគេក៏បានមើលមុខវិញ តែមិនកើតមានជម្លោះវាយតប់គ្នាអ្វីកើតឡើងនោះទេ គ្រាន់តែមើលមុខគ្នាទៅវិញទៅមកប៉ុណ្ណោះ តែរឿងនេះក៏បានសើចដាក់គ្នាវិញ និងបានបញ្ចប់ហើយ។
ជនរងគ្រោះបានបន្តថា នៅពេលដែលគិតលុយរួចរាល់ ពួកគេនិងមិត្តភក្តិបានចេញពីក្លិបគោលបំណងទៅផ្ទះ ដោយខ្លះយកម៉ូតូចេញក្រៅរួច និងខ្លះទៀតមិនទាន់បានយកម៉ូតូចេញមកក្រៅទេ ស្រាប់តែសន្តិសុខក្លិបដែលពាក់អាវខ្មៅ រូបក្លិបអ៉ិចហ្សូម X-ZOOM បានរករឿងពួកគេ និងបានវាយមកលើពួកគេ។ ដោយសន្តិសុខក្លិបនេះបានយកដំបងដែករលាស់វាយបណ្តាលឱ្យមានអ្នករងរបួសបែក ឈាមពេញមុខ និង២នាក់ទៀតរងរបួសក្បាល។
ភ្លាមៗនោះ មិត្តភក្តិប្រុសស្រីដែលចេញមកដល់មុខក្លិបនោះបានចូលទៅជួយចាប់ទាញកុំឱ្យសន្តិសុខក្លិបនោះវាយក្រុមពួកគេទៀត តែបែរជាក្រុមសន្តិសុខនោះហៅសន្តិសុខជាច្រេីននាក់ទៀតចេញមកជួយចាប់ និងព្រួតវាយដោយវិទ្យុទាក់ទង និងដែកដំបងរលាស់ទេីបក្រុមយុវជនប្រុសស្រីបានចូលទៅជួយឃាត់កុំឱ្យវាយទៀត តែក៏ត្រូវក្រុមសន្តិសុខប្រដាប់ដោយដំបងដែករលាស់ចាប់ដៃ រត់ដេញវាយពួកគេពេញផ្លូវថែមទៀត។ មិនតែប៉ុណ្ណោះក្រុមសន្តិសុខក្លិបទាំងនោះបានចាប់ឃាត់យុវជន៣នាក់ដែលរងរបួសអូសចូលក្នុងបរិវេណក្លិបបាត់ទៅ។
ក្រោយមកក្រុមយុវជនប្រុសស្រី បន្ទាប់ពីរត់គេចពីក្រុមសន្តិសុខនោះវាយរងរបួសស្រាល នាំគ្នារត់រកសមត្ថកិច្ចដើម្បីឱ្យចុះមកជួយធ្វើអន្តរាគមន៍ផង ព្រោះក្រុមសន្តិសុខក្លិបនេះបានវាយមិត្តរបស់ពួកគេ៣នាក់រងរបួស ហេីយយកចូលទៅខាងក្នុងបាត់ហើយ ទេីបបង្កការភ្ញាក់ផ្អើលពេញមុខក្លិបរាត្រីនេះ។
ប្រហែលជាកន្លះម៉ោងក្រោយមកទេីបឃេីញវត្តមានសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់ចោមចៅទី២ចំនួន៣នាក់ចុះទៅដល់ដោយប្រាប់អ្នកសារព័ត៌មានថា ទុកឱ្យសមត្ថកិច្ចធ្វេីការសិន រួចចូលទៅខាងក្នុងបាត់ទៅ។ មួយសន្ទុះក្រោយទេីបឃេីញចេញមកយកម៉ូតូជិះចូលទៅនាំខ្លួនយុវជនដែលត្រូវសន្តិសុខវាយឱ្យរបួស ហើយអូសចូលក្នុងក្លិប៣នាក់នោះយកទៅធ្វេីការសាកសួរនៅប៉ុស្តិ៍ ដោយមិនបានឃាត់ក្រុមសន្តិសុខក្លិបប្រដាប់ដោយដំបងដែករលាស់ដែលជាអ្នកវាយនោះ យកទៅសួរនាំដែរទេ។
បច្ចុប្បន្នយុវជនដែលរបួសទាំង៣នាក់ខាងលើ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅស្នាក់ការប៉ុស្តិ៍ចោមចៅទី២ ចំណែកក្រុមសន្តិសុខក្លឹបខាងលើមិនបានឃាត់ខ្លួនទៅសួរនាំនៅប៉ុស្តិ៍នោះទេ។ទោះបីជាមានការបកស្រាយ ដោយភាគី ជនរងគ្រោះក៏ដោយ ទាំងសមត្ថកិច្ច និងភាគីខាងក្រោមសន្តិសុខមិនបកស្រាយក្នុងរឿងនេះ នៅឡើយ។
សង្ឃឹមថា សមត្ថកិច្ចធ្វើកិច្ចការនេះឈរលើមូលដ្ឋានច្បាប់ តាមរយៈការប្រមូលភស្តុតាង ពីកន្លែងកើតហេតុ សាក្សី ក៏ដូចជាកាមារ៉ា សុវត្ថិភាពជាដើម ដើម្បីបញ្ជាក់ជូនមហាជន ក្នុងរង្វង់ច្បាប់៕