ចាប់ខ្លួនជនសង្ស័យចំនួន០៧នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន

60

ភ្នំពេញ ៖ កម្លាំងជំនាញនៃអធិការដ្ឋាននរគបាលខណ្ឌជ្រោយចង្វារចាប់ឃាតខ្លួនជនសង្ស័យចំនួន០៧នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ។ នេះបើយោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ។

ផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តថា, នៅថ្ងៃទី០៤​ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៧:៣០នាទី កម្លាំងជំនាញ​ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍ ដឹកនាំដោយលោកវរសេនីយ៍ទោ លៀក​ ចាន់រាបសា​ អធិការនគរបាលខណ្ឌជ្រោយចង្វារ​ បើកប្រតិបត្តិការចុះបង្ក្រាបជាក់ស្តែង ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចក្រោយព្រះវិហារចាម ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដោយឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ (ស្រី០៣នាក់)។

វត្ថុតាងចាប់យករួមមាន៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន០៧កញ្ចប់ថង់, ឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន, ម៉ូតូម៉ាក​ smash ចំនួន​ ០១គ្រឿង​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1Z-3740។

បច្ចុប្បន្នជនសង្ស័យ​ រួមនិងវត្ថុតាង កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធីច្បាប់ ៕