MC៖ ពស់ចាន់ល្មមរបស់កសិដ្ឋាន៤០០ កំពុងមានតម្រូវការសម្រាប់អ្នកបរិភោគ និងមានតម្លៃល្អ ខណៈសាច់របស់វាមានរសជាតិឆ្ងាញ់ ជាពិសេសមានអត្ថប្រយោជន៍ជាច្រើន សម្រាប់សុខភាពរាងកាយមនុស្ស។. លោក ហាច ឆន ស្ថាបនិកចិញ្ចឹមពស់ចាន់ល្មម និងជាម្ចាស់កសិដ្ឋាន៤០០ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា លោកបានចិញ្ចឹមពស់នេះ អស់រយៈពេលជាង១ឆ្នាំមកហើយ សម្រាប់ផ្គត់ផ្គង់ទីផ្សារផ្នែកកសិកម្មក្នុងពេលបច្ចុប្បន្នឲ្យកាន់ទូលំទូលាយ ។
លោកបានបន្តថា សម្រាប់ពូជពស់ចាន់ល្មមនេះ ជាប្រភេទពូជក្នុងស្រុក ដែលងាយស្រួលក្នុងការចិញ្ចឹម មិនពិបាកក្នុងការរកចំណីដោយសារតែពស់នេះ វាស៊ី កូនត្រី កូនកង្កែប កូនក្ដាម កូនក្អាត់ ជាចំណី អាហារ និងក្រោយពីការចិញ្ចឹមរយៈពេល៦ទៅ៨ខែទើបអាចធំធាត់ល្អ ដែលមានទម្ងន់ចាប់ ពី១គីឡូក្រាម ទៅជិត២គីឡូក្រាមក្នុងមួយក្បាល។
លោកបានបន្ថែមថា សម្រាប់ការរៀបចំអាង ដើម្បីចិញ្ចឹមពស់ចាន់ល្មមបាន គឺត្រូវចិញ្ចឹមនៅក្នុងអាងថ្ម ដោយត្រូវត្រាំដើមចេកជាមួយអំបិលរយៈពេល១ខែសិន ទើបអាចដាក់ពូជចូលចិញ្ចឹមបាន និងត្រូវរៀបចំឫស្សី ឬកំប្លោក ធ្វើជាជម្រកឱ្យវាងាយស្រួលក្នុងការទំលើ ហើយសម្រាប់ការផ្លាស់ប្ដូរទឹក គឺអាចប្ដូរក្នុងរយៈពេល ពីកន្លះខែ ទៅ១ខែ និងក្នុងទំហំ១ម៉ែត្រក្រឡាអាងអាចចិញ្ចឹមបានប្រមាណជា៥០ក្បាល។
លោកបានបញ្ជាក់បន្ថែមថា ពស់ចាន់ល្មមនេះ កំពុងមានទីផ្សារល្អ និងមានតម្លៃខ្ពស់ ហើយវាជាប្រភេទេពស់ដែលគ្មានពិស អាចយកមកទទួលទានបាន ដោយសារសាច់វាមានរស ជាតិឆ្ងាញ់ និងមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពរាងកាយមនុស្សដូចជា៖ សម្បូរទៅដោយសារជាតិប្រូតេអ៊ីនខ្ពស់ ជួយសម្រួលទៅដល់ប្រពន្ធ័សរសៃ ប្រសាទបានល្អ សម្បូរទៅ ដោយវិតាមីនអា វិតាមីនឌី ជំនួយដល់ភ្នែក និងជំនួយទៅដល់សុខភាពរាងកាយស្រ្តីឱ្យមានសុខភាពល្អរឹងមាំ។ (សម្រាប់ទីផ្សារធំគឺនាំចេញទៅប្រទេសចិន និងប្រទេសវៀតណាម ហើយយើងលក់ទៅឱ្យបងៗដែលជាជនជាតិចិន ឬក៏បងប្អូនដែលមានជីវភាពធូរធារហ្នឹងគឺគាត់ទិញហូបហើយ គឺគាត់ចូលចិត្តហូបណាស់ រកតែពស់និងលក់ឱ្យគេមិនបានផង ហើយសម្រាប់ទាក់ទងនឹងសាច់ពស់នេះគឺវាមានរសជាតិឆ្ងាញ់មែនទែន ជាពិសេសគឺវាមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពរាងកាយ វាសម្បូរទៅដោយសារជាតិប្រូតេអ៊ីនខ្ពស់ ពីព្រោះវាមានសារធាតុជាតិជួយសម្រួលទៅដល់ប្រព័ន្ធប្រសាទសរសៃប្រសាទ សម្បូរទៅដោយពពួកវីតាមីនអេ វីតាមីនឌី ជំនួយដល់ស្ត្រីដែលធ្វើឱ្យស្ត្រីមានសុខភាពល្អ)។
សូមបញ្ជាក់ថា កសិដ្ឋាន៤០០ មានទីតាំង ស្ថិតនៅក្នុងភូមិអូរណា ឃុំស្រែភ្ជុំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយលោកបានចាប់យកមុខរបរផ្នែកកសិកម្មនេះ អស់រយៈពេលជាង៦ឆ្នាំមកហើយ និងសព្វថ្ងៃកំពុងចិញ្ចឹមពស់ចាន់ល្មមប្រមាណ១០០អាង ដែល មេបាក្នុង១គីឡូក្រាមមានតម្លៃ៤៥ដុល្លារ និងសាច់ក្នុង១គីឡូក្រាម៣៥ដុល្លារ៕ប្រភព÷ ក្រសួងព័ត៏មាន