ខេត្តកំពង់ធំ ៖ កម្លាំងសមត្ថកិច្ចចម្រុះបានធ្វើការឆ្មក់ចាប់រថយន្តដឹកផលអនុផលព្រៃឈើ(អុស) ខុសច្បាប់ ខណៈពេលព្យាយាមបើករត់គេចពីជំនាញរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ តែយ៉ាងណាអស់ល័ក្ខនៅចំណុចគល់ស្ពានព្រៃប្រស់ ក្នុងស្រុកកំពង់ស្វាយ ។
ក្នុងប្រតិបត្តិការបង្ក្រាបរថយន្តដឹកផលអនុផលព្រៃឈើ(អុស)ខុសច្បាប់ ដឹកនាំដោយលោក ស៊ី កុលស នាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ សហការជាមួយនឹង កម្លាំងនគរបាលស្រុកកំពង់ស្វាយ នៅល្ងាចថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ត្រង់ចំណុចភូមិ ព្រៃព្រាល ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ។
លោក ស៊ី កុលស នាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំបានឲ្យដឹងនាថ្ងៃទី០៣ ខែតុលា ថា ក្នុងប្រតិបត្តិការបង្ក្រាបរថយន្តខាងលើនេះគឺកម្លាំងជំនាញយើងបានធ្វើការស្រាវជ្រាវ យ៉ាងល្អិតល្អន់រហូតឈានមកដល់ការបង្ក្រាបបានលទ្ធផលល្អ។
យោងតាមប្រភពព័ត៌មានច្បាស់ការពីសមត្ថកិច្ចជំនាញបានឲ្យដឹង ជនល្មើសដែលដឹកជញ្ជូនផលអនុផលព្រៃឈើ(អុស)ខុសច្បាប់ជាង ២០ស្ទែ(ម៉ែត្រគីប) ឃាត់រថយន្ត ១គ្រឿង ម៉ាកកូរ៉េ ២,៥តោន ក្បាលពណ៌ស ទ្រុងពណ៌ខៀវ ស្លាកលេខ ហ.០១២៤ ភ.ព៣ ។ ម្ចាស់រថយន្តឈ្មោះ ហេង បូរ៉ា ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិពពិជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
បើយោងប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា ផលអនុផលព្រៃឈើនេះគឺដឹកជញ្ជូនចេញពី ព្រៃសហគមន៍ស្រែក្រសាំង ស្ថិតនៅ ភូមិក្រសាំង ឃុំទ្រា ស្រុកស្ទោង ។
បច្ចុប្បន្នរថយន្តដឹកបទល្មើសខាងលើរួមទាំងជនល្មើសត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕