រដ្ឋមន្រ្តីក្រសួងព័ត៌មានត្រូវបានវិទ្យាស្ថានអាស៊ី-ប៉ាស៊ីហ្វិក ដើម្បីអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ AIBD ផ្តល់ជូននូវពានរង្វាន់ រួមទាំងប្រកាសនីយបត្រទទួលស្គាល់ «ស្នាដៃពេញមួយជីវិត» AIBD’s Lifetime Achievement Award

22

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ត្រូវបានវិទ្យាស្ថានអាស៊ី-ប៉ាស៊ីហ្វិក ដើម្បីអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ AIBD ផ្តល់​ជូននូវពានរង្វាន់ រួមទាំងប្រកាសនីយបត្រទទួលស្គាល់ «ស្នាដៃពេញមួយជីវិត» AIBD’s Lifetime Achievement Award ដែលជាការទទួលស្គាល់ស្នាដៃដ៏ធំធេងរបស់ ក្រសួងព័ត៌មានកម្ពុជា ក្នុងការជួយកសាងវិស័យព័ត៌មានក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ៣ ទសវត្សរ៍ កន្លងមកនេះ។

ពាន «ស្នាដៃពេញមួយជីវិត» នេះត្រូវបាន លោក ហាស់ សំអាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មានបាននាំយកពីប្រទេស​ឥណ្ឌាកាលពីការប្រារព្ធមហាសន្និបាត AIBD លើកទី២០ នាចុងខែកញ្ញា ឆ្នាំ២០២២ កន្លងមកនេះ មកប្រគល់ជូន លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដោយមានការចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ Zoom ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ នាសាលប្រជុំព្រះវិហារ ក្រសួងព័ត៌មាន៕