រណ្ដៅដីខុសច្បាប់ជាច្រើននៅស្រុកកណ្ដាលស្ទឹងសង្ស័យជាប់ពាក់ព័ន្ធជាមួយលោកចៅហ្វាយស្រុក

44

កណ្តាល៖  តាមប្រភពព័ត៌មានពីភ្នាក់ងារព័ត៌មាននិងប្រជាពលរដ្ឋល្អបានឲ្យបណ្ដាញព័ត៌មាន VPN TV ONLINE ដឹងនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២នេះថា មានរណ្តៅដីខុសច្បាប់ជាច្រើនកន្លែងក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល សង្ស័យមានការជាប់ពាក់ព័ន្ធជាមួយលោក អ៊ូច សាវឿន អភិបាលស្រុកកណ្តាលស្ទឹងនិងមានអ្នកពាក់ព័ន្ធផ្សេងទៀតជាច្រើន។

តាមប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា នៅក្នុងឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង គឺមានរណ្តៅដីជាច្រើនកន្លែងត្រូវបានគេជីកយកអាចម៍ដីលក់យ៉ាងជ្រៅ ស្ទើរដល់ក្បាលប្រេត ដែលសកម្មភាពនេះគឺគេសង្ស័យថា សុទ្ធតែរណ្ដៅដីដែលខុសច្បាប់ ហើយមានការឃុបឃិតគ្នារវាងម្ចាស់រណ្ដៅ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកណ្តាល និងអាជ្ញាធរស្រុកកណ្តាលស្ទឹង ជាពិសេសគឺមិនអាចរួចផុតពីកណ្ដាប់ដៃលោកអភិបាលស្រុកឡើយ។

តាមប្រភពផ្សេងទៀតបានឲ្យដឹងទៀតថា ករណីរណ្តៅដី ភាគច្រើនអត់ច្បាប់ត្រឹមត្រូវទេ ជួនកាលអាជ្ញាប័ណ្ណត្រឹមខេត្ត ប៉ុន្តែជាក់ស្តែងគេជីកដល់ក្បាលប្រេត ដែលនេះហើយគឺខុសច្បាប់ ប៉ុន្តែបើមិនមានការពាក់ព័ន្ធគ្នាជាមួយមន្ត្រីជំនាញទាំងនោះទេ គឺគ្មានម្ចាស់រណ្ដៅណាមួយអាចហើរផុតឡើយ។ និយាយរួម គេត្រូវរ៉ូវគ្នាជាចង្កោមតែម្ដង។

បើយោងតាមការបែកធ្លាយពីម្ចាស់រណ្ដៅដីខុសច្បាប់នោះបានឲ្យដឹងដែរថា ដីគាត់មានទំហំធំណាស់ ហើយគាត់សុំច្បាប់ទៅក្រសួងរ៉ែចំនួន០២ឆ្នាំហើយ នៅមិនទាន់បានអាជ្ញាប័ណ្ណទេ ហើយគាត់ក៏បានជីកយកអាចម៍លក់រាប់ខែមកហើយ ដោយយកលុយទៅជួយអ្នកនេះ ជួយអ្នកនោះ រាប់ពាន់ដុល្លារ ជាថ្នូរនឹងការ គេមិនរករឿង។

សូមទស្សនាវីដេអូបង្ហាញពីរណ្ដៅដីនៅក្នុងឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដូចខាងក្រោម៖