ខេត្តសៀមរាប ៖ ថ្លែងក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានចាប់ឆ្នោតស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត នៅព្រឹកថ្ងៃសៅរ៍ទី០១ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងដោយអរគុណដល់ក្រុមប្រឆាំងដែលបានធ្វើឱ្យបេក្ខភាពអនាគតនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាន់តែរឹងមាំត្រៀមសម្រាប់កាន់កិច្ចការធំ។
-សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការវាយប្រហារជាច្រើនលើលោក ហ៊ុន ម៉ាណែត បានធ្វើឱ្យលោក ហ៊ុន ម៉ាណែត កាន់តែរឹងមាំ ចេះការពារខ្លួន និងមានរបៀបការពារខ្លួនដោយខ្លួនឯង។ សម្ដេចតេជោ យល់ការការវាយប្រហារលើលោក ហ៊ុន ម៉ាណែត ទាំងប៉ុន្មានមិនត្រឹមតែជួយបេក្ខភាពអនាគតនាយករដ្ឋមន្ត្រីនេះទេ ថែមទាំងបញ្ហាពីភាពអន់របស់ក្រុមប្រឆាំងផងដែរ។
-សម្ដេចនាយករដ្ឋមន្រ្តី បានថ្លែងថា៖ «និយាយឱ្យច្បាស់ទៅអ្ហែងខ្លាច! ព្រោះឪវា ហ៊ុន សែន ត្រូវបានប្រជាជនទទួលស្គាល់មិនត្រឹមតែក្នុងប្រទេសទេ ទាំងក្រៅប្រទេស។ ដល់តទៅ ហ៊ុន ម៉ាណែត ប្រជាជនគេស្គាល់ទៀត អញ្ចឹងទេពួកអានេះវាខ្លាចទេ បើអ្នកឯងមិនខ្លាចទេអ្នកឯងគួរតែបណ្ដោយឱ្យ ហ៊ុន ម៉ាណែត ធ្វើទៅ»។
-សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្តថា កម្ពុជាមិនគាំទ្ររួមទាំងប្រឆាំងការកាត់ផ្ដាច់ទឹកដី និងការប្រើប្រាស់កម្លាំង ឬគំរាមប្រើកម្លាំងឈ្លានពានអ្នកដទៃ ហើយករណីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ក៏ដូចគ្នា គឺកម្ពុជាមិនគាំទ្រការកាត់ផ្ដាច់ទឹកដីអ៊ុយក្រែនចូលរុស្ស៊ីដោយភាគីរុស្ស៊ីនោះទេ។
-សម្ដេចតេជោ បានបញ្ជាឱ្យក្រសួងការបរទេសមានជំហរប្រឆាំងនឹងការកាត់ផ្ដាច់ទឹកដីនេះ ប្រសិនជាសន្និបាតអង្គការសហប្រជាជាតិធ្វើឡើងឆ្លើយតបនឹងករណីនេះ។
-នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា៖ «កម្ពុជាអត់មានជម្រើសណាផ្សេងទេ! ព្រោះយើងគិតមើលបើគេសុខៗស្រាប់តែលើទ័ពមកដាក់សៀមរាបមួយហើយធ្វើប្រជាមតិដើម្បីសៀមរាបផ្ដាច់ខ្លួនជារដ្ឋឯករាជ្យមួយ។ តើយើងទទួលបានឬអត់? យើងពិតជាទទួលយកមិនបានទេរឿងនេះ!»
-សម្ដេចតេជោ បានថ្លែងថា ចំពោះប្រជាពលរដ្ឋដែលបានទទួលប័ណ្ណប្រភេទ២រួចហើយ ត្រូវប្ដូរទៅប្រភេទ១និងបន្ថែមលុយ ហើយអ្នកមិនទាន់មានប័ណ្ណក្រីក្រ ត្រូវធ្វើប័ណ្ណក្រីក្រប្រភេទ១ ឱ្យបានឆាប់បំផុត។
-សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យកងពលទទួលទិសសៀមរាប ទទួលបន្ទុកដឹកប្រជាពលរដ្ឋ ចេញពីតំបន់រុះរើ ក្នុងតំបន់រមនីយដ្ឋានអង្គរ និងតំបន់ហាមឃាត់ មកទីតាំងថ្មីនៅតំបន់រុនតាឯក ដោយយកតែប្រជាពលរដ្ឋណា ដែលមានក្បាលដីដែលឈូសឆាយរួចតែប៉ុណ្ណោះ ដើម្បីឱ្យពួកគាត់សង់លំនៅឋាន និងដាំដុះ ។ ចំណែកការឈួសឆាយ កងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន សៀមរាប ដឹកនាំដោយឯកឧត្តម ខេង សាម៉េត ជាអ្នកទទួលបន្ទុក។
-សម្តេចតេជោ ហ៊ុន សែន បានប្រកាសឧបត្ថម្ភដល់ប្រជាពលរដ្ឋ ដែលមកតាំងលំនៅឋានថ្មីនៅតំបន់រុនតាឯក ក្នុងមួយគ្រួសារ ១លានរៀល ដើម្បីសាងសង់លំនៅឋាន និងឧបត្ថម្ភសម្ភារៈ(សាងសង់ផ្ទះមួយចំនួន) ព្រមទាំងគ្រឿងឧបភោគបរិភោគជាច្រើនផង។
-សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់ប័ណ្ណស្ត្រីមានផ្ទៃពោះ និងប័ណ្ណក្រីក្រកម្រិត១ ដែលត្រូវទទួលបានប្រាក់ឧបត្ថម្ភ សម្រាប់ជួយក្នុងវិបត្តិកូវីដ-១៩ ដល់ប្រជាពលរដ្ឋដែលមកតាំងទីលំនៅឋានថ្មី នៅតំបន់រុនតាឯក បន្ថែមលើការឧបត្ថម្ភ ដែលរដ្ឋបានកំណត់កន្លងមក។
-សម្ដេចនាយករដ្ឋមន្រ្តី បានប្រកាសបង្ហាញមហិច្ឆតាប្រែក្លាយភូមិធម្មជាតិរុនតាឯក ទៅជាទីក្រុង និងក្នុងភូមទាំងអស់ត្រូវចាក់កៅស៊ូ។
-សម្ដេចតេជោ ហ៊ុន សែន ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ចាប់ផ្ដេីមបេីកដំណេីរការឱ្យប្រជាពលរដ្ឋនៅព្រឹកនេះ ដោយមិនគិតថ្លៃ៕