ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកជំទាវ បានដឹកនាំប្រតិភូ ក្រសួងព័ត៌មាន អញ្ជើញចូលរួមគោរពវិញ្ញានក្ខន្ធសព ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី ម្តាយក្មេក ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដែលបានទទួលមរណភាព កាលពីវេលាម៉ោង ០០:១៨ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩០ ឆ្នាំ ដោយជរាពាធ ហើយសព ត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនា នាគេហដ្ឋានស្ថិតនៅភូមិពន្លៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានធ្វើនូវសារលិខិតចូលរួមរំលែកទុក្ខគោរពជូន ឯកឧត្តម យឹម ឆលី ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិត ផលមួយ និង លោកជំទាវ ទន់ ខុន ព្រមទាំងក្រុមគ្រួសារ ដោយបានគួសបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មានទាំងមូល និងក្នុងនាមខ្ញុំផ្ទាល់ ព្រមទាំងភរិយា មានសេចក្តីក្រៀមក្រំក្នុងចិត្តឥតឧបមា ដោយបានទទួលដំណឹងថា ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី ត្រូវជាម្តាយ និងម្តាយក្មេក របស់ឯកឧត្តម និងលោកជំទាវ បានទទួលមរណភាព នៅព្រឹកថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ៩០ឆ្នាំ ដោយជរាពាធ ។
មរណភាពរបស់ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី គឺជាការបាត់បង់នូវបុព្វការីជនមួយរូប ដែលត្រូវជាម្តាយ ម្តាយក្មេក និងជាជីដូន ជាទីគោរពស្រឡាញ់បំផុតរបស់ក្រុមគ្រួសារទាំងអស់នៃសព ដែលជានិច្ចកាលតែងបានលះបង់ខ្ពស់ទាំងកម្លាំងកាយចិត្ត និងបញ្ញា ស្មារតី ក្នុងការបីបាច់ថែរក្សាកូនៗជាទីស្រឡាញ់ ព្រមទាំងបានជំរុញឲ្យកូនចៅចូលសិក្សារៀនសូត្រ និងទទួលបានចំណេះដឹងខ្ពង់ខ្ពស់គ្រប់ៗគ្នា ចូលរួមចំណែកបម្រើឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ៕