គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យចុះ បង្ក្រាបល្បែងស៊ីសងអុីនធើណេត ឃាត់ខ្លួន៧នាក់

42

ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបល្បែងស៊ីសងតាមអនឡាញមួយកន្លែងរបស់ជនជាតិចិនឃាត់ខ្លួនបានមនុស្សចំនួន៧នាក់ ស្រី១នាក់ ដកហូតក្បាលទូរទស្សន៍បាន៣៨គ្រឿង ។

ប្រតិបត្តិការ នេះបានធ្វេីឡេីងកាលពីវេលាម៉ោង៣និង៤៥នាទីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅហាងអុីនធើណេត យីហោ ស្កាយណេត អុីនធើណេត កាហ្វេ ក្នុងបុរីញ៉ូថោន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេចឱ្យអាជ្ញាធរទាំង២៥ខេត្ត ក្រុង ចុះបង្ក្រាបរាល់ទីតាំងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទទាំងអស់ទូទាំងប្រទេស។

បន្ទាប់ពីទទួលបានសេចក្តីសម្រេច ពីរាជរដ្ឋាភិបាលអាជ្ញាធរបានផ្សព្វផ្សាយ ជុំវិញបើកលេងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ ហើយក៏ធ្លាប់បានណែនាំផ្ទះខាងលើផងដែរ ស្រាប់តែស្ងាត់ៗ លួចបើកលេងល្បែងសុីសងតាមអនឡាញ ទើបកម្លាំងអាជ្ញាធរ សមត្ថកិច្ចចុះបង្ក្រាប ឃាត់ខ្លួនជនជាតិចិនបាន៧នាក់ ស្រី១នាក់ ដកហូតក្បាលទូរទស្សន៍បានចំនួន៣៨គ្រឿង ។

បច្ចុប្បន្ន មនុស្សទាំង៧នាក់ និងសម្ភារៈ ដែលបានដកហូត អាជ្ញាធរ ប្រគល់ឲ្យអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ យកទៅសាកសួរ នៅទីបញ្ជាការ តាមនីតិវិធី ហើយហាងខាងលើត្រូវបានអាជ្ញាធរសម្រេចបិទជាបណ្តោះអាសន្ន ៕