ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្ដីសម្រេចមួយ ដើម្បីបង្កើតក្រុមការងារត្រួតពិនិត្យទីតាំងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាទិភោគដោយអនុប្បទាន ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។
សូមបញ្ជាក់ថា, នៅក្នុងសេចក្ដីសម្រេច ក្រុមការងារនេះមានលោក ឃួង ស្រេង ផ្ទាល់តែម្ដងជាប្រធាន អមដោយអនុប្រធាន៣រូប និងសមាជិក ១៨រូប។ ក្រុមការងារត្រួតពិនិត្យទីតាំងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាទិភោគដោយអនុប្បទាន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានតួនាទី ភារកិច្ចដូចខាងក្រោម៖
– ចុះត្រួតពិនិត្យទីតាំងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាទិភោគដោយអនុប្បទាន នៅក្នុង ភូមិសាស្ត្ររាជធានីភ្នំពេញ និងផ្អាកសកម្មភាពអាជីវកម្មជាបណ្ដោះអាសន្នសិនចំពោះទីតាំង ដែលមានលិខិតអនុញ្ញាត ឬ ពុំមានលិខិតអនុញ្ញាត ឬ ទីតាំងដែលមិនមានលក្ខណៈសមស្រប តាមលក្ខខណ្ឌដែលក្រុមការងារបានកំណត់
– ណែនាំ និងផ្សព្វផ្សាយដល់ម្ចាស់ទីតាំងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាទិភោគដោយ អនុប្បទាន ដែលមានអាជ្ញាបណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយពុំទាន់មានលិខិត អនុញ្ញាតទីតាំងពីរដ្ឋបាលរាជធានីភ្នំពេញ ត្រូវមកបំពេញបែបបទសុំលិខិតអនុញ្ញាតទីតាំង ដើម្បីក្រុមការងារចុះពិនិត្យមុននឹងផ្ដល់លិខិតអនុញ្ញាតទីតាំងជូន
– ចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ចំពោះម្ចាស់ទីតាំងអាជីវកម្មទទួលបញ្ចាំ និងទទួល ប្រាទិភោគដោយអនុប្បទាន ដែលទទួលទិញ-លក់ ឬ ទទួលបញ្ចាំទ្រព្យសម្បត្តិទាំងឡាយ ដែលបានមកពីបទល្មើសផ្សេងៗ ឬ ពុំមានឯកសារបញ្ជាក់អត្តសញ្ញាណត្រឹមត្រូវ។ ក្នុងករណី ទីតាំងពុំមានច្បាប់អនុញ្ញាត ត្រូវធ្វើកំណត់ហេតុបិទទីតាំងអាជីវកម្ម រឹបអូស និងដកហូតសម្ភារៈ ដែលពាក់ព័ន្ធនឹងការទទួលបញ្ចាំជាបន្ទាន់។ ករណីធ្ងន់ធ្ងរ ត្រូវកសាងសំណុំរឿងបញ្ជួនទៅ កាន់តុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់
– អនុវត្តភារកិច្ចផ្សេងទៀតតាមការចាំបាច់។
– ក្រុមការងារ ត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ប្រធាន
– អនុប្រធាន និងសមាជិកក្រុមការងារ ត្រូវទទួលភារកិច្ចតាមការចាត់ចែងរបស់ប្រធាន
– ក្រុមការងារ មានសិទ្ធិប្រើប្រាស់មន្ត្រីក្រោមឱវាទ ដើម្បីសម្រួលការងារក្នុងករណីចាំបាច់
– ក្រុមការងារ អាចធ្វើការកែសម្រួលសមាសភាព ឬ តួនាទី ភារកិច្ចក្នុងករណីចាំបាច់។
-បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជ អាវុធហត្ថរាជធានីភ្នំពេញ អភិបាល នៃគណៈអភិបាលខណ្ឌទាំង ១៤ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីភ្នំពេញ ប្រធានមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងសាមីខ្លួនដូចមានឈ្មោះក្នុងប្រការ ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តសេចក្ដីសម្រេចនេះ ឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាត់ទៅ៕