ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវកម្លាំងមានសមត្ថកិច្ចខេត្តកំពង់ស្ពឺឃាត់ខ្លួនខណៈប្រើអំពើហិង្សាយកកាំបិតកាប់ទៅលើបុរសម្នាក់ឲ្យរងរបួសធ្ងន់។នេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលស្រុកឱរ៉ាល់បានបង្ហាញឲ្យអង្គភាពយើងបានដឹងនៅព្រឹកថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២២នេះ។
របាយការណ៍ដដែលបានឲ្យដឹងថា មូលហេតុដែលនាំឱ្យមានអំពើហិង្សាកើតនោះគឺស្ត្រីម្នាក់គាត់មានប្តី២ហើយបានមករួមរស់នៅជាមួយគ្នាអស់ជាច្រើនឆ្នាំមកហើយមិនដែលមានបញ្ហាអ្វីនោះទេ ស្រាប់តែនៅថ្ងៃកើតបុរសទាំងដែលជាប្តីមុននិងប្តីក្រោយបានកើតមានទំនាស់រហូតឈានដល់ការប្រើអំពើហិង្សាដោយប្តីក្រោយយកកាំបិតកាប់ទៅលើប្តីមុនបណ្តាលឲ្យបែកក្បាលដេរ៨ថេ្នរ។
របាយការណ៍ដដែលបានបន្តឲ្យដឹងទៀតថាអំពើហិង្សានេះបានកើតនៅចំណុចក្នុងក្រុមហ៊ុនH L H ស្ថិតនៅភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២២។
យោងតាមការបញ្ជាក់របស់លោក វរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ យ៉ាង សាវន ភេទប្រុសអាយុ៥៤ឆ្នាំ(ប្តីមុន) ចំណែក(ប្តីក្រោយ)ឈ្មោះ ព្រិន ផាន់ណា ភេទប្រុស អាយុ ៣៤ឆ្នាំទាំងពីរនាក់ស្នាក់នៅអាស្រមគោលស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ។
លោកបន្តទៀតថាក្រោយពីទទួលបានព័ត៌មានកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើយកមកអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ដើម្បីសាកសួរ។ បើតាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយថាខ្លួនពិតជាបានយកកាំបិតផ្គាក់វាយទៅលើជនរងគ្រោះឈ្មោះ យ៉ាង សាវន (ប្តីមុន)ពិតប្រាកដមែន។
ករណីខាងលើសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕