សម្តេចតេជោ ហ៊ុន សែន អញ្ជើញវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជា

27

ប្រទេស ជប៉ុន  ៖   នៅពេលនេះម៉ោង ១០:០០នាទីព្រឹក (ម៉ោងនៅជប៉ុន) ថ្ងៃទី២៨  កញ្ញា  ឆ្នាំ ២០២២  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីប្រទេសជប៉ុនវិលត្រឡប់ទៅកាន់មាតុប្រទេសវិញតាមយន្តហោះពិសេស។

សម្ដេចតេជោ  ហ៊ុន  សែន  បានថ្លែង បញ្ជាក់ថា៖ ប្រសិនបើមិនមានការរំខានដល់ការហោះហើរទេនោះ យន្តហោះនឹងទៅដល់ព្រលានអន្តរជាតិភ្នំពេញនៅម៉ោង ២  និង៣០នាទីរសៀលនេះ។ បន្ថែមពីនេះ  សម្ដេច តេជោ  សូមអរគុណបងប្អូនជនរួមជាតិចំពោះការជូនពរដល់ការអញ្ជើញធ្វើដំណើររបស់ សម្តេចតេជោ និងគណៈប្រតិភូទាំងអស់។

សូមជម្រាបថា  សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមបុណ្យសពរបស់លោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន។ ជាមួយគ្នានោះ សម្តេចតេជោ ក៏បានឆ្លៀតជួបសម្តែងការគួរសមជាមួយឯកឧត្តម ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន និងភរិយា របស់លោក អាបេ ស៊ីនហ្សូផងដែរ។

ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បាននាំនូវព្រះរាជបន្ទូលព្រះមហាក្សត្រ និងព្រះមហាក្សត្រី ចូលរួមរំលែកនូវមរណទុក្ខជាមួយរដ្ឋាភិបាល និងក្រុមគ្រួសាររបស់លោក អាបេ ចំពោះការបាត់បង់ដ៏ធំធេងមួយនេះ។ នៅចំពោះមុខនាយករដ្ឋមន្ត្រីជប៉ុន និងភរិយារបស់លោក  អាបេ, សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការសោកស្តាយប្រកបដោយភាពក្រៀមក្រំជាទីបំផុត។ សម្តេចតេជោ បានគូសបញ្ជាក់ថា មរណភាពរបស់លោក អាបេ គឺជាការបាត់បង់មិត្តភក្តិដ៏ល្អមួយរូបរបស់សម្តេច ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា លោក អាបេ ជាមេដឹកនាំមួយរូប ដែលមានគុណបំណាច់យ៉ាងធំធេងសម្រាប់កម្ពុជា៕