លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ពិនិត្យមើលមណ្ឌលចាក់វ៉ាក់សាំងកូវីដ-១៩ និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៃខេត្តក្រចេះ

15

ខេត្តក្រចេះ ៖ នៅថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០២២ លោកលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស អមដំណើរដោយឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានចុះពិនិត្យមើលមណ្ឌលចាក់វ៉ាក់សាំងកូវីដ-១៩ និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៃខេត្តក្រចេះ។

សូមបញ្ជាក់ថា, ទីតាំងដែរលោកជំទាវបានចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩រួមមាន៖

១. មណ្ឌលសុខភាពដា

២. មណ្ឌលសុខភាពគោលាប់

៣. មន្ទីរពេទ្យបង្អែក ឆ្លូង។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលដល់វេនត្រូវចាក់ដូសទី២ ឬចាក់ដូសទី៣ ត្រូវរួសរាន់មកចាក់នៅតាមទីតាំងមូលដ្ឋានសុខាភិបាលរបស់ខ្លួន ដែលនៅជិតផ្ទះ ដើម្បីបង្កើននូវកងការពារជំងឺកូវីដ-១៩។ លោកជំទាវបានបន្តថា អ្នកដែលមានជំងឺប្រចាំកាយ ដូចជា អេសដ៍ ឬជំងឺផ្សេងៗទៀត ត្រូវតែចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាចាំបាច់ ដើម្បីការពារខ្លួន។

បន្ទាប់ពីបានពិនិត្យមើលមណ្ឌលចាក់វ៉ាក់សាំងរួចមក លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខភិបាល និងជាប្រធាន គ.វ.ក-១៩ បានដឹកនាំក្រុមការងារជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ស្ថិតនៅបរិវេនសាលប្រជុំនៃសាលាខេត្តក្រចេះ ស្តីអំពីដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ និងយុទ្ធសាស្ត្ររួមគ្នាបង្ការជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មីប្រភេទ អូមីក្រុង ។