ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រាប់ប្រធានក្រុមប្រឹក្សាអឺរ៉ុបថា ក្នុងនាមប្រធានអាស៊ាននៅឆ្នាំនេះ កម្ពុជាជួបប្រទះបញ្ហាប្រឈមជាច្រើន ទាំងបញ្ហាតំបន់ និង អន្តរជាតិ តែកម្ពុជានៅ តែខិតខំដើម្បីដោះស្រាយបញ្ហាប្រឈម ទាំងអស់នោះ។
ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងឱ្យដឹងដូច្នេះ បន្ទាប់ពីជំនួប របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប ដែលបានធ្វើឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២២ ក្នុងខណៈសម្ដេច អញ្ជើញចូលរួមក្នុងពិធីបុណ្យសពថ្នាក់ជាតិ របស់ឯកឧត្តម អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន។
ក្នុងជំនួបទ្វេភាគីនេះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ឯកឧត្តមប្រធានក្រុមប្រឹក្សាអឺរ៉ុប និងគណៈប្រតិភូ។ សម្ដេចតេជោបានបញ្ជាក់ថា សម្ដេចបានជួបឯកឧត្តម នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ ហើយបន្ទាប់មក សម្ដេចក៏បានអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសគុយបា។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញក្ដីរីករាយ ដែលបានជួប ឯកឧត្តម ដើម្បីផ្លាស់ប្ដូរមតិយោបល់គ្នា។ សម្ដេចបានអញ្ជើញ ឯកឧត្តមទៅធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំអាស៊ី-បូព៌ា នៅពេលខាងមុខនេះ ជាពិសេស កិច្ចសន្ទនាអាស៊ានពិភពលោកនៅកម្ពុជាផងដែរ។
សម្ដេចតេជោបានបញ្ជាក់ដែរថា យើងមានកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអឺរ៉ុប ហើយសម្ដេច ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំអាស៊ាន-អឺរ៉ុប ដើម្បីរម្លឹកខួបអនុស្សាវរីយ៍នៅទីក្រុងព្រុចសែល តាមការអញ្ជើញរបស់សហគមន៍អឺរ៉ុបផងដែរ។
ឯកឧត្តម Charles Michel បានមានប្រសាសន៍ថា ឯកឧត្តម ពិតជារីករាយចំពោះកិច្ចសហប្រតិបត្តិការរបស់អឺរ៉ុបជាមួយនឹងអាស៊ាននាពេលនេះ។ ឯកឧត្តម ក៏បានសុំពិគ្រោះយោបល់ផ្លាស់ប្ដូរមតិជុំវិញសភាពការណ៍សង្គ្រាមនៅអ៊ុយក្រែន បញ្ហាសមុទ្រចិនខាងត្បូង កិច្ចការងារសន្តិភាពនៅមីយ៉ាន់ម៉ា ហើយក៏ពិភាក្សាពីស្ថានភាពជាទូទៅរបស់ពិភពលោកនេះផងដែរ។
ក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ពាក់ព័ន្ធនឹងសភាពការណ៍នៅមីយ៉ាន់ម៉ា ជូនទៅឯកឧត្តមប្រធានក្រុមប្រឹក្សាអឺរ៉ុប អំពីកិច្ចខិតខំរបស់សម្ដេច ក្នុងការជួយមីយ៉ាន់ម៉ា ក្នុងក្របខណ្ឌសម្ដេច ជាប្រធានអាស៊ាននៅឆ្នាំនេះ ដោយសម្ដេចចាត់ទុកថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំនេះ កម្ពុជាមានការប្រឈមជាច្រើន ដោយសារស្ថានភាពតំបន់ និងពិភពលោក ជាពិសេសដូចជា មីយ៉ាន់ម៉ាជាដើម ដោយសម្ដេចនឹងព្យាយាមខិតខំ ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ។
ពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង សម្ដេចតេជោបានគូសបញ្ជាក់ថា ឆ្នាំនេះ គឺជាខួបលើកទី២០ នៃសមុទ្រចិនខាងត្បូង ដែលបានចុះហត្ថលេខា រវាងអាស៊ាន ជាមួយប្រទេសចិន នៅរាជធានីភ្នំពេញ ឆ្នាំ២០០២ ឥឡូវនេះឆ្នាំ២០២២ ដូច្នេះអ្វីដែលសម្ដេចចង់ឃើញ គឺការបន្តអនុវត្តន៍ឱ្យបានពេញលេញនូវ DOC ហើយសម្ដេច ក៏បានគូសបញ្ជាក់អំពីចំណុចសំខាន់ គឺថាយើងខិតខំជំរុញការចរចា ដើម្បីចេញនៅ COC នៅពេលខាងមុខនេះ ទោះបីមានការលំបាកក៏ដោយ។ សម្ដេចតេជោក៏បានគូសបញ្ជាក់ផងដែរ អំពីស្ថានភាពនៅអឺរ៉ុប ទាក់ទងនឹងសង្គ្រាមនៅអ៊ុយក្រែន ហើយឯកឧត្តម Charles Michel ក៏បានបញ្ជាក់ដែរពីការផ្លាស់ប្ដូរយោបល់ដោយមានការស្មោះត្រង់ ជាពិសេសទៀត ឱ្យមានការទុកចិត្តគ្នា។
ឯកឧត្តម Charles Michel បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានអញ្ជើញឯកឧត្តម ទៅចូលរួមក្នុងកិច្ចប្រជុំនៅរាជធានីភ្នំពេញ ហើយឯកឧត្តមក៏បានអរគុណចំពោះសម្ដេចតេជោ ដែលនឹងទៅចូលរួមប្រជុំនៅទីក្រុងព្រុចសែល នាពេលខាងមុខនេះ ជាពិសេសទៀត ឯកឧត្តមអរគុណសម្ដេច នូវការផ្ដល់ទស្សនៈទានចំពោះស្ថានភាពអន្តរជាតិ ជាពិសេសចំពោះបញ្ហាសមុទ្រចិនខាងត្បូង ស្ថានភាពសង្គ្រាមនៅអ៊ុយក្រែន។
ឯកឧត្តម Charles Michel ក៏បានចាត់ទុកទំនាក់ទំនងរវាងអឺរ៉ុប ជាមួយអាស៊ាន គឺមានសារៈសំខាន់ ជាពិសេសទៀតអ្វីដែលយើងកំពុងមានការប្រឈម និងមានការលំបាកក៏ដោយ ប៉ុន្តែយើងមានទស្សនៈដាច់ដោយឡែកដ៏សំខាន់ ដោយខិតខំរកមធ្យោបាយ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងអឺរ៉ុប ជាមួយនឹងអាស៊ាន ហើយបានចែករំលែកនូវទស្សនៈអំពីភូមិសាស្ត្រនយោបាយ រវាងសហរដ្ឋអាមេរិក និងចិន ក៏ដូចជាបញ្ហាទាក់ទងនឹងរុស្ស៊ីផងដែរ៕